ភ្នំពេញ ៖ សមាជិកតុងទីនជាច្រើននាក់បានរួមគ្នាឃាត់ខ្លួនស្ត្រីជាមេតុងទីនម្នាក់យកទៅប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បន្ទាប់ពីមេតុងទីនម្នាក់នេះបានប្រមូលលុយពីសមាជិកបានជាងមួយម៉ឺនដុល្លារហើយរត់គេចខ្លួនបាត់ជិតកន្លះឆ្នាំ ទើបលេចមុខពេលធ្វើដំណើរតាមផ្លូវក៏បានឃាត់ខ្លួនយកទៅឲ្យនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ដើម្បីធ្វើការសាកសួរ តែម្តង ។
ស្ត្រីជាមេតុងទីនរូបនោះមានឈ្មោះ លី សុខលេង អាយុ៣០ឆ្នាំ មុខរបរជាអាជីវករលក់ចានឆ្នាំងនៅផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ស្នាក់នៅភូមិច្រេះខាងជើង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ចំណែកកូនតុងទីនដែលមេតុងទីនជំពាក់លុយមានឈ្មោះទី១-ឈ្មោះ ហ៊ិន សខអេង មេជំពាក់ចំនួន១០ក្បាល,ទី២-ឈ្មោះ លី លាន មេជំពាក់ចំនួន៨ក្បាល, ទី៣-ឈ្មោះ ស៊ី សៀងអេង មេជំពាក់ចំនួន៣ក្បាល, ទី៤-ឈ្មោះ អ៊ាងនីអូន មេជំពាក់ចំនួន៨លានរៀល,ទី៥-ឈ្មោះ សុខ ហៀង មេចំពាក់១១ក្បាល,ទី៦-ឈ្មោះ បងពៅ មេជំពាក់ចំនួន៦ក្បាល និងលុយ៥០ម៉ឺនរៀល, ទី៧-ឈ្មោះ ជ័យ សៀវហេង មេជំពាក់២ក្បាលលុយចំនួន៥០០ដុល្លារ, ទី៨-ឈ្មោះ បងហួង មេជំពាក់ចំនួន៣ក្បាល និងទី៩-ឈ្មោះហៅក្រៅថា ម៉ែបងហួង មេជំពាក់ចំនួន២ក្បាល ព្រមទាំងទាំងកូនតុងទីនជាច្រើនអ្នកទៀតមិនបានឱ្យដឹងឈ្មោះសរុបជាប្រាក់ប្រមាណ១៥.០០០ដុល្លារ ។
សមាជិកតុងទីនម្នាក់បានបង្ហើបឲ្យដឹងទាំងលាក់លៀមថា កាលនៅខែតុលា ឆ្នាំ២០១៦មេតុងទីនឈ្មោះលីសុខលេងបានប្រមូលលុយពីសមាជិកតុងទីនជាច្រើនក្បាលបានប្រមាណ១៥.០០០ដុល្លារ ហើយចាប់ពីពេលនោះមេតុងទីនរូបនេះបានបិទទ្វារតូបនៅផ្សារសុវណ្ណាលែងលក់ដូរ រួចគេចខ្លួនបាត់ស្រមោលតែម្តងគ្រាដែលសមាជិកតុងទីនមួយចំនួនតូចបានដេញតុងទីនរួច ហើយមួយចំនួនធំមិនទាន់បានដេញ។ពេលមិនឃើញមេតុងទីនទៅលក់ដូរដូចសព្វដង សមាជិកដែលមិនទាន់បានដេញតុងទីនបាននាំគ្នាទៅដល់ផ្ទះមេតុងទីនខាងលើតែខាងម្តាយរបស់មេតុងទីនបានប្រាប់ថា មេតុងទីនរូបនេះបានទៅរស់នៅប៉ោយប៉ែតជាប់នឹងប្រទេសថៃបាត់ហើយ ។
សមាជិកតុងទីនរូបនេះបន្តទៀតថា ចាប់ពីថ្ងៃនោះរហូតមកទើបពួកគាត់ដឹងថា ចាញ់បោកមេតុងទីន ក៏នាំគ្នាស្វែងរកមុខគ្រប់ទីកន្លែង តែរកមិនឃើញ ។ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែប្រទះឃើញស្ត្រីដែលជាមេតុងទីនម្នាក់នេះកំពុងតែដើរនៅមុខមន្ទីរពហុព្យាបាល វិសាលសុខ ផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ក៏បានឃាត់ការខ្លួនយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ដើម្បីចាត់ការតាមច្បាប់ ប៉ុន្តែដោយសារករណីនេះមិនមែនកើតឡើងដើមហេតុនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃ២ ព្រោះតុងទីនទាំងបេះ គេលេងនៅផ្សារសុវណ្ណាក្នុងសង្កាត់ទំនប់ទឹកទើបសមត្ថកិច្ចបានបញ្ជូនមេតុងទីនរូបនោះទៅឲ្យសមត្ថកិច្ចនៅទីនោះធ្វើការដោះស្រាយ ។
នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកភាគីសមាជិកតុងទីនមិនបានប្តឹងផ្តល់អ្វីនោះទេគ្រាន់តែឱ្យស្ត្រីជាមេតុងទីនធ្វើកិច្ចការធានា ថានិងសងលុយឱ្យទៅពួកគាត់គ្រប់ៗគ្នាវិញដោយមិនគេចវេះហើយស្ត្រីជាមេតុងទីនក៏យល់ព្រមសង តែការសងនេះតាមលទ្ធភាពដែលអាចទៅរួចហើយរូបគាត់ជាមេតុងទីនក៏លែងរត់ទៅណាទៀតដែរ ៕ ប្រាថ្នា