ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំឡូត ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នព្រៃឈើនៅក្នុងតំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាងស្ថិតក្នុងឃុំសំឡូត ជាប់ក្នុងភូមិសាស្រ្ត បន្ទាត់ព្រដែនកម្ពុជា-ថៃ បានរងការកាប់ទន្រ្ទានយកដីភ្នំធ្វើជាកម្មសិទ្ធិឯកជននោះហើយ ។ ដីភ្នំមួយចំនួនរបស់រដ្ឋក្នុងតំបន់អភិរក្ស ជាពិសេសតំបន់ភ្នំជាប់នឹងច្រកទ្វារព្រំដែន៤០០ ត្រូវបានអ្នកមានអំណាចថ្នាក់ឧត្តមសេនីយ៍ នាំគ្នាវាស់ដីភ្នំចែកគ្នាអស់ហើយផងដែរ គ្រាដែលដីតំបន់នោះ កំពុងតែមានហាងឆេងខ្ពស់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានកសាងអភិវឌ្ឍន៍ផ្លូវជាតិមួយខ្សែតភ្ជាប់ពីស្រុករតនៈមណ្ឌល ទៅស្រុកសំឡូត ឆ្ពោះដល់ច្រកទ្វារ៤០០ព្រំដែនកម្ពុជា-ថៃ សម្រេចបាន៦០ភាគរយនោះហើយ ។ ប៉ុន្តែការកាន់កាប់ដីភ្នំក្នុងទំបន់អភិរក្សធម្មជាតិច្រើនយ៉ាង បែរជាអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងមន្រ្តីអភិរក្សប្រាប់ឱ្យដឹងថា ជាដីរបស់ប្រជាពលរដ្ឋកាន់កាប់ជាយូរឆ្នាំមកហើយ ។
ទន្ទឹមដែលប្រជាពលរដ្ឋប្រាប់ឱ្យដឹងទៀតថា ព្រៃឈើ និងដីភ្នំក្នុងតំបន់នោះដែរ ប្រជាពលរដ្ឋដែលធ្លាប់ចូលទៅកាប់ឈើ និងអាស្រ័យផលពីព្រៃឈើ បច្ចុប្បន្ន ប្រជាពលរដ្ឋមិនអាចចូលទៅបានទៀតនោះឡើយ ដោយសារមានការហាមឃាត់ពីសំណាក់ម្ចាស់ដីដែលជាក្រុមអ្នកមានអំណាចនោះ ។
ប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា ដីភ្នំក្នុងតំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាង ក្បែរច្រកទ្វារព្រំដែន៤០០ ក្រោយពីព្រៃឈើរងការកាប់បំផ្លាញ មានប្រជាពលរដ្ឋតិចតួចណាស់ ចូលទៅកាន់កាប់ដីនៅទីនោះ ។ ភាគច្រើនជាដីអ្នកមានអំណាច ហើយមានប្រជាពលរដ្ឋខ្លះបានស៊ីឈ្នួលស្នាក់នៅចាំដីឱ្យក្រុមអ្នកមានអំណាច ដែលមានដីក្នុងតំបន់នោះផងដែរ ។
ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើជុំវិញ នៃការកាប់ទន្ទា្រនព្រៃឈើ និងវាស់ដីភ្នំចែកគ្នាធ្វើជាកម្មសិទ្ធិ មន្ត្រីអភិក្សតំបន់ធម្មជាតិប្រើប្រាស់ច្រើនយ៉ាងក្នុងឃុំសំឡូត ប្រាប់អ្នកយកព័ត៌មានឱ្យដឹងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះថា ការកាប់បំផ្លាញព្រៃឈើប្រជាពលរដ្ឋបានធ្វើឡើងជាយូរឆ្នាំមកហើយក្នុងតំបន់នោះ ។ បច្ចុប្បន្នមន្រ្តីរក្សព្រៃឈើ គ្រាន់តែធ្វើការទប់ស្កាត់និងគ្រប់គ្រងមិនឱ្យមានការកាប់បំផ្លាញព្រៃឈើថ្មីៗ បន្ថែមទៀតឡើយ។
មន្រ្តីអភិរក្សដដែលឱ្យដឹងទៀតថា ពាក់ព័ន្ធនឹងការលិចឮព័ត៌មាន ថា មានអ្នកធំបានវាស់វែងដីភ្នំចែកគ្នាធ្វើជាកម្មសិទ្ធិ ពាក្យនេះលោកគ្រាន់តែឮប៉ុណ្ណោះ ប៉ុន្តែមិនទាន់ឃើញមានអ្នកធំណាមួយមកអះអាងថា ជាដីរបស់ពួកគាត់នៅឡើយនោះទេ ។ ព្រៃឈើក្នុងតំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាង មានសរុបចំនួនជាង៦ម៉ឺនហិកតា លាតសន្ធឹងពីស្រុកសំឡូត ខេត្តបាត់ដំបង រហូតដល់ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាប់ព្រំដែនកម្ពុជា-ថៃ។
លោក ឥន្ទ សៅរិទ្ធ អភិបាលស្រុកសំឡូត ក៏បានប្រាប់អ្នកយកព័ត៌មាននគរវត្តឱ្យដឹងថា ព្រៃឈើនៅក្នុងស្រុកសំឡូត បានរងការកាប់បំផ្លាញ មុននឹងលោកកាន់តំណែងជាអភិបាលស្រុកមកម្ល៉េះ ។ លោកទទួលស្គាល់ថា ព្រៃឈើក្នុងតំបន់ភ្នំមួយចំនួនត្រូវបានកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលប្រទេសមានសង្រ្គាម ។ ប៉ុន្តែអាជ្ញាធរស្រុកបច្ចុប្បន្នតែងតែមានវិធានការទប់ស្កាត់មិនឱ្យមានការកាប់បំផ្លាញព្រៃឈើបន្តទៀតនោះឡើយ ។ អាជ្ញាធរស្រុក ក៏កំពុងមានគម្រោងរៀបចំដាំដើមឈើឡើងវិញ នៅតាមបណ្តាដីភ្នំដែលរងការកាប់ទន្ទ្រានព្រៃឈើទៅហើយនោះ ។
ពាក់ព័ន្ធការកាប់ទន្ទ្រានព្រៃឈើ និងការដាក់អន្ទាក់យកសត្វព្រៃដើម្បីធ្វើអាជីវកម្មពីសំណាក់ក្រុមអនាធិបតេយ្យ នៅតំបន់អភភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាងកាលពីដើមសប្តាហ៍មុននេះដែរ សត្ថកិច្ចចម្រុះខេត្តប៉ៃលិន បានចេញល្បាត និងបង្រ្កាបដុតបំផ្លាញទីជម្រករបស់ក្រុមអនាធិបតេយ្យ ដែលបានចូលទៅបោះតង់ស្នាក់នៅបណ្តោះអាសន្ន ធ្វើសកម្មភាពកាប់ទន្រ្ទានព្រៃឈើ និងដាក់អន្ទាក់យកសត្វព្រៃក្នុងតំបន់ ។ មិនតែប៉ុណ្ណោះសមត្ថកិច្ចចម្រុះ ក៏បានរកឃើញអន្ទាក់កែច្នៃដាក់សត្វព្រៃរាប់រយគ្រឿង និងប្រមូលយកមកដុតបំផ្លាញចោលផងដែរ ៕ សំ វិច្ឆិកា