ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករវាយកូនបាល់កម្ពុជាឈ្នះក្រុមមីយ៉ាន់ម៉ាក្នុងជំនួបដំបូងនៅ Davis Cup 2017

ចែករំលែក៖

ប្រទេសបារ៉ែន ៖ កីឡាករវាយកូនបាល់កម្ពុជាបានលេងឈ្នះក្រុមកីឡាករមកពី ប្រទេសមីយ៉ាន់ម៉ានៅក្នុងការប្រកួតព្រឹត្តិការណ៍ Davis Cup 2017 វគ្គជម្រុះក្នុងតំបន់អាស៊ីអូសេអានីក្រុមទី៤កាលពីថ្ងៃទី៤ ខែ មេសាឆ្នាំ២០១៧ ក្នុងលទ្ធផល៣សិតទល់០ក្នុងជំនួបប្រកួតបើកឆាកពូលAនៅទីក្រុងអុីសា ប្រទេសបារ៉ែន ។

យោងតាមប្រភពដែលផ្តល់ដោយ លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធាន ប្រតិភូ បានឲ្យដឹងថា នៅក្នុងជំនួបដំបូងនេះ កម្ពុជាធ្វើបានល្អណាស់ ដោយកីឡាករទាំងអស់ប្រកួតអស់ពីកម្លាំងកាយនិងចិត្ត ក្នុង នោះ រួមមាន វិញ្ញាសាប្រកួតវាយឯកកក្តជន ១ទល់១កីឡាករ ម៉ម ផល្គុន បានយកឈ្នះ កីឡាករ Tin Myo WAI របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២សិតទល់០ ជាមួយពិន្ទុ ៦-១ និង ៧-៥ ។

វិញ្ញាសាប្រកួតឯកកត្តជនគូទី២កីឡាករ ឡុង សំនៀង បានយកឈ្នះកីឡាករ AungKyaw NAING របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ២សិតទល់១ជាមួយពិន្ទុ ៤-៦, ៦-៣ និង ៦-២ ។រីឯការប្រកួតទី៣ លើវិញ្ញាសាវាយគូកីឡាករវ័យក្មេង អោ សារិទ្ធ ចាប់ដៃគូជាមួយ ប៊ុន កេន្នី ដែលជាកីឡាករលំដាប់លេខ១របស់កម្ពុជាបាន ប្រកួតឈ្នះក្រុមកីឡាករមីយ៉ាន់ម៉ាដោយលទ្ធផល២សិតទល់០ទៀត ជាមួយពិន្ទុ ៦-២ និង ៦-១ ។

ជ័យជម្នះថ្ងៃដំបូងនេះបានធ្វើឲ្យថ្នាក់ដឹកនាំក្រុមកីឡាវាយកូនបាល់កម្ពុជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងដោយចាប់បានឱកាសឈ្នះដើម្បីបន្តឡើងទៅកាន់ក្រុមទី៣វិញ ។ ក្រុមកីឡាវាយកូនបាល់កម្ពុជាបានបន្តឈ្នះលើក្រុមកីឡាវាយកូនបាល់ប្រទេសគៀហ្ស៊ីស្ថាននាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៧ ក្នុងជំនួបជុំទី២ក្នុងពូលAនៃព្រឹត្តិការណ៍ Davis Cup 2017នៅទីក្រុងអុីសា ប្រទេសបារ៉ែន។ នៅក្នុងជំនួបនេះ ក្រុមវាយកូនបាល់កម្ពុជាបានយកឈ្នះគៀហ្ស៊ី ស្ថាន ក្នុងលទ្ធផល៣សតទល់០ ។

សម្រាប់វិញ្ញាសា ប្រកួតវាយឯកកត្តជន គូទី១ ម៉ម ផល្គុន បានប្រកួត ឈ្នះ កីឡាករ URUMBAEV Farhad ក្នុងលទ្ធផល ២សិតទល់០ ក្នុងពិន្ទុ ៦-២ និង ៦-១។ គូទី២វិញ្ញាសាប្រកួតវាយឯកកត្តជនកីឡាករ អោ សារិទ្ធ បានប្រកួត ឈ្នះ កីឡាករ BABAK Evgeny ក្នុងលទ្ធផល២សិតទល់១សិត ក្នុងពិន្ទុ ៧-៥, ៥-៧និង ៦-២។ រីឯវិញ្ញាសាប្រកួតវាយគូដែលជាវិញ្ញាសាចុងក្រោយប៊ុន កេន្នី ចាប់ដៃគូជាមួយ ឡុង សំនៀង បានប្រកួតឈ្នះ កីឡាករ BABAK Evgeny ចាប់ដៃគូជាមួយកីឡាករ SUROTIN DENIS ក្នុងលទ្ធផល២សិតទល់១សិត ក្នុងពិន្ទុ៣-៦, ៦-២និង ៦-២ ។ ក្នុងជំនួប ពូលAសម្រាប់ថ្ងៃទី២នេះក្រុមមីយ៉ាន់ម៉ាឈ្នះម្ចាស់ផ្ទះបារ៉ែន២សិតទល់១សិត រីឯក្រុមកីឡាវាយកូនបាល់កម្ពុជាឈ្នះក្រុម កីឡាវាយកូនបាល់គៀហ្ស៊ីស្ថាន៣សិត ទល់០។សម្រាប់ការប្រកួតនៅថ្ងៃទី៥ ខែមេសា ក្រុមកីឡាវាយកូនបាល់កម្ពុជា នឹងជួបប្រកួតជាមួយ ម្ចាស់ផ្ទះបារ៉ែន ៕ សារីម

sarim (4) sarim (3)


ចែករំលែក៖