ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះអវត្តមានមេធាវី សាលាឧទ្ធរណ៍ លើកពេលសវនាការរឿងក្ដីលោក ហុង សុខហួរ 

ចែករំលែក៖

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី៧ ខែមេសា សម្រេចលើកពេលសវនាការរឿងក្ដីលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដោយសារអវត្តមានមេធាវីការពារក្ដី ។

មន្ត្រីសាលាឧទ្ធរណ៍ បញ្ជាក់ថា សាលាឧទ្ធរណ៍ពុំអាចដំណើរការសួរដេញដោលបានទេ ព្រោះអត់មានមេធាវី ។ មន្ត្រីដដែល ថ្លែងថា បទល្មើសឧក្រិដ្ឋ ត្រូវតែមានវត្តមានមេធាវីដាច់ខាត ទើបសវនាការអាចដំណើរការបាន ។

លោកហែម សុជាតិ មេធាវីមួយរូបការពារក្ដីលោកហុង សុខហួរ ថ្លែងថា ក្រុមមេធាវីបានដាក់ពាក្យសុំពន្យារពេលសវនាការនេះ ដោយសារមេធាវីពីររូបមានធុរៈ មិនអាចចូលរួមសវនាការ បាន ។

ជាការកត់សម្គាល់ សវនាការនេះ ពុំអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលផ្តិតរូបភាពនោះទេ ពោលគឺក្រុមអ្នកសារព័ត៌មាន អាចត្រឹមឈរក្បែររបងសាលាឧទ្ធរណ៍ ប៉ុណ្ណោះ ។

គួររំលឹកថា លោក ហុងសុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ មាត្រា ៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ ៕ ចេស្តា

neat


ចែករំលែក៖