ខេត្តកណ្តាលៈ បុរស២នាក់ទទួលរងរបួសធ្ងន់ ស្រាល បន្ទាប់ពីបើកម៉ូតូបញ្ច្រាសផ្លូវហាមឃាត់ជ្រុលទៅបុករថយន្តឡិចស៊ីស៤៧០ ពាក់ស្លាកលេខខេមរៈភូមិន្ទពេញមួយទំហឹង កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខផ្ទះវីងវេលុយយីហោ “ឃុត សម្ភស្ស” ស្ថិតក្នុងភូមិ/សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BP-2092 បើកបរដោយឈ្មោះ ថៃ វាន់ ភេទប្រុស អាយុ៣៦ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ឌី ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសស្រាល) ។ ទាំង២នាក់នេះមានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកឯរថយន្តម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 2-6252 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ខាងលើនេះ ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចរង្វង់មូលលោកតាម៉ៅឆ្ពោះទៅគល់ស្ពាន(បើកបញ្ច្រាសផ្លាកសញ្ញាហាមចូល) ខណៈបើកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយរថយន្តឡិចស៊ីសខាងលើនេះពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលយ៉ាងដូច្នេះ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានរថយន្តសាមុយស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅ ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ