ភ្នំពេញៈ មុខសញ្ញាកាប់ប្លន់យ៉ាងសកម្មក្នុងទឹកដីខណ្ឌចំការមនមួយក្រុម កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបាន ២នាក់ភ្លាមៗ កាលពី វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ នៅចំណុចមុខមន្ទីរពេទ្យរុស្សី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ទី១ មានឈ្មោះ ចាន់ សូរិយា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើករថយន្តដឹកថ្មស្នាក់នៅច្បារអំពៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី២ឈ្មោះ វា៉ន់ ស៊ីុលាង ភេទប្រុស អាយុ២០ឆ្នាំ សិស្សស្នាក់នៅផ្ទះជួលម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន ។
បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នានរបស់ខ្លួន ស្រាប់តែលេចជនសង្ស័យមួយក្រុម ជិះម៉ូតូ៤គ្រឿង ខណៈនោះកម្លាំងនគរបាលបុ៉ស្តិ៍ទំនប់ទឹកបានហៅឲ្យ ឈប់តែក្រុមជនសង្ស័យមិនព្រមឈប់ទេ ថែមទាំងបានដកដាវសាំម៉ូរ៉ៃបម្រុងកាប់សមត្ថកិច្ចទៀត ក៏ត្រូវកម្លាំងនគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងមូ៉តូមួយគ្រឿង ម៉ាកឡែត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4712 ផងដែរ ចំណែកក្រុមជនសង្ស័យផ្សេងទៀតនាំគ្នាជិះមូ៉តូគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបញ្ជូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមផ្លូវច្បាប់ ៕ ស រស្មី