ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រទះឃើញម្នាក់ស្លាប់ក្នុងបន្ទប់ទឹក ដោយដាំក្បាលចូលក្នុងធុងទឹក ចំណែកក្នុងបន្ទប់របាត់របាយ និងមានចាក់សោខាងក្រៅបន្ទប់ផង ដែលធ្វើសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានជំហានដំបូងថា ជាករណីឃាតកម្ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៩ និង៣០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល លេខ២E5 ជាន់ទី៥ ក្រុម១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ លឿម ហៀក ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ កាត់ដេរ ដាក់ក្វាន់ ស្នាក់នៅបន្ទប់ជួលលេខ២E5 ជាន់ទី៥ ក្រុម១ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង ។
ស្ត្រីឈ្មោះ លី សារ៉ាយ អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រត្រវជាមិត្តភក្តិជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃ៨ ខែមេសា ឆ្នាំ២០១៧ មុនកើតហេតុភ្ញាក់ផ្អើល គាត់បានទូរស័ព្ទមកជនរងគ្រោះបបួលទៅធ្វើការ ពេលនោះនាងបានប្រាប់វិញថា ទៅមុនទៅជាប់ហូបបាយសិន។
ប្រភពបន្តថា លុះម៉ោង៨ព្រឹក ថ្ងៃដដែល ប្រធានក្រុមស្ត្រីខាងលើមិនឃើញជនរងគ្រោះទៅធ្វើការដូចសព្វដង ក៏នាំគ្នាមកមើលដល់បន្ទប់ជួល ប៉ុន្តែពេលមកដល់ឃើញទ្វារបន្ទប់ចាក់សោ ក៏នាំគ្នាទៅវិញ រីឯទូរស័ព្ទខលមិនចូលទៀត ។
ប្រភពដដែលបានប្រាប់ទៀតថា លុះដល់ល្ងាចថ្ងៃដដែល ពួកគាត់បាននាំគ្នាប្រហែល១០នាក់ មករកម្តងទៀត ពេលមកដល់មុខបន្ទប់ជួល ឃើញចាក់សោដដែល ទើបសុំឲ្យម្ចាស់ផ្ទះកាត់សោដើម្បីចូលមើលក្នុងបន្ទប់ ក្រែងមានអ្វីអាចទំនាក់ទំនងទៅស្ត្រីខាងលើបាន ពេលកាត់សោរួច ក៏ចូលទៅមើល ស្រាប់តែឃើញនាងស្លាប់ក្នុងបន្ទប់ទឹកដាំក្បាលចូលក្នុងធុងទឹកបាត់ទៅហើយ បង្កការភ្ញាក់ផ្អើល ហើយម្ចាស់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ច ។
សមត្ថកិច្ចជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិជ្ជសាស្ត្ររាជធានីភ្នំពេញចុះមកពិនិត្យសពជនរងគ្រោះខាងលើ និងបញ្ជាក់ថា ជនរងគ្រោះត្រូវជនសង្ស័យមិនស្គាល់មុខវាយបែកច្រមុះ រុញជ្រមុជក្នុងធុងទឹក ចំណែកដៃឃើញមានខ្សែលីឡុងពណ៌ខ្មៅចងជាប់កដៃខាងឆ្វេងផង ។ ក្រោយពិនិត្យរួចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ