ភ្នំពេញ៖ ក្រោយពីមានការដាច់ចរន្តអគ្គីសនីមួយយប់ លុះទៀបភ្លឺ ទើបភ្លើងដំណើរការវិញធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយកន្លែងបានឆាប់ឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរនាំគ្នាពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ដោយសារតែចរន្តភ្លើងបុកមកខ្លាំងពេកធ្វើឲ្យផ្ទុះឌីសង់ទ័រ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅផ្ទះលក់ឥវ៉ាន់ចាបហួយមួយកន្លែង ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះឈ្មោះសាន ចំណាន ភេទស្រីអាយុ២៧ឆ្នាំ មុខរបលក់ដូរ ស្នាក់ទីតាំងកើតហេតុខាងលើ ។
តាមសំដីម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុព្រលប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ មានការដាច់ចរន្តអគ្គីសនី រហូតមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានចរន្តអគ្គីសនីបានតភ្ជាប់មកវិញ។ លុះក្រោយមកមួយសន្ទុះ ស្រាប់តែមានក្លិនឆ្ងៀមពេលនោះគាត់ក៏មានឡើងបើកភ្លើងមើលពេលនោះ ស្រាប់តែឃើញកន្លែងឌីសង់ទ័រ មានបែកផ្កាភ្លើងធ្វើឲ្យគាត់ភ័យ រត់ចេញមកក្រៅ និងស្រែកឲ្យគេឯងជួយ បង្កការភ្ញាក់ផ្អើលនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់ ហើយបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ភ្លាមៗ ។
សមត្ថកិច្ចបានឲ្យដឹងថាក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ បានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តរបស់ស្នងនគរបាលជាតិហើយភ្លើងក៏រលត់ទាំងស្រុងតែម្តង។ ចំណែកការខូចខាតវិញ សំភារះនៅខាងក្នុងរងការខូចខាតអស់មួយចំនួនធំផងដែរ តែមិនមានមនុស្សរងរបួសនោះទេ ។
សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុនៃការឆេះផ្ទះខាងលើនេះ បណ្តាលមកពីទុស្សេខ្សែរភ្លើង ៕ សុខាសែនជ័យ