ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង ព្រួយបារម្ភខ្លាចអាមេរិកវាយប្រហារកូរ៉េខាងជើង

ចែករំលែក៖

បេក្ខភាពប្រធានាធិបតី កូរ៉េខាងត្បូង ដែលលេចធ្លោជាងគេបំផុត លោក Moon Jae In កាលពីថ្ងៃទី១០ ខែមេសា បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចអាមេរិក បើកការវាយប្រហារកូរ៉េខាងជើង។ លោកបានបញ្ជាក់ថា រាល់ការវាយប្រហារណាមួយនៅឧបទ្វីបកូរ៉េ ចាំបាច់ត្រូវតែទទួលបានការឯកភាពពីទីក្រុង សេអ៊ូលជាមុនសិន។

អត្ថបទមួយដែលបានផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកលោក Moon Jae in បានបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ កំពុងតែអសន្តិសុខ ។ សកម្មភាពឌឺដងរបស់កូរ៉េខាងជើង បានធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះមាន ការសាកសល្បងកាំជ្រួចមីស៊ីល ដោយសារតែកូរ៉េខាងជើង បានឆ្លៀតឱកាស ពេលកូរ៉េខាងត្បូង គ្មានប្រធានាធិបតី និងការដោះស្រាយពាក់ព័ន្ធនឹងកូរ៉េខាងជើង»។

លោក Moon ក៏បានសន្យាថា នឹងរារាំងរាល់ សង្គ្រាមដែលអាចកើតឡើងនៅក្នុងតំបន់ ។ លោកបានប្រកាសទៀតថា «ប្រសិនបើបានធ្វើជាប្រធានាធិបតីនោះ ខ្ញុំនឹងទៅកាន់អាមេរិក ឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន ដើម្បីពិភាក្សារកដំណោះស្រាយ បញ្ចប់វិបត្តិបរមាណូរបស់កូរ៉េខាងជើង ។ ខ្ញុំនិងរារាំង សង្គ្រាមកើតឡើងនៅឧបទ្វីបឲ្យអស់ពីសមត្ថភាព។ បើទោះបីបែបណាក្តី ខ្ញុំមិនទុកឲ្យអ្នកផ្សេងមកសម្រេច ពីជោគវាសនាឧបទ្វីបកូរ៉េនោះឡើយ» ។

ប៉ុន្តែលោក Moon ក៏បានព្រមានដល់ទីក្រុងព្យុងយ៉ាងថា មិនត្រូវមានសកម្មភាពឌឺដង ណាមួយទៀតឡើយក្នុងពេលខាងមុខ ។ លោកបន្តទៀតថា សកម្មភាពបែបនោះរបស់កូរ៉េខាងជើង គឺអាចនាំមកនៅផលអាក្រក់ ដល់ខ្លួនឯងតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការដាក់ប្រព័ន្ធមីស៊ីលការពារនៅក្នុងទឹកដីកូរ៉េខាងត្បូង លោក Moon បញ្ជាក់ថា ការដាក់នោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កូរ៉េខាងត្បូង ហើយលោកបានអំពាវនាវដល់ចិន ត្រូវតែគោរព តាម មិនត្រូវមានសកម្មភាព តបតនឹងហេតុការណ៍ខាងលើឡើយ។ ប្រព័ន្ធមីស៊ីល THAAD គឺការពារ រាល់ការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង មិនសម្តៅទៅលើប្រទេសផ្សេងឡើយ ។

ការព្រួយបារម្ភរបស់បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងពិតជាសមហេតុផល បើអាមេរិកចង់វាយប្រហារកូរ៉េខាងជើង គឺទាល់តែរង់ចាំរហូតដល់កូរ៉េខាងត្បូង មាន មេដឹកនាំពេញលេញសិន ។ បើការវាយប្រហារនៅពេលនេះ ប្រទេសដែលរងគ្រោះ ពីការវាយបករបស់កូរ៉េខាងជើង នោះគឺ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលស្ថិតនៅក្នុងគោលដៅនៃប្រព័ន្ធមីស៊ីលរបស់កូរ៉េខាងជើង ។

កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលទៅលើ ប្រទេសស៊ីរី គឺជាការគំរាមកំហែង ដល់ប្រទេសដទៃទៀត ដែល បំពានច្បាប់អន្តរជាតិ ដូចកូរ៉េខាងជើងជាដើម ៕ ម៉ែវ សាធី


ចែករំលែក៖