ព័ត៌មានទាន់ហេតុការណ៍៖

សាលាខណ្ឌទួលគោកសូត្រមន្តប្រោះព្រំ សុំសិរីសួរស្តី ជ័យមង្គលវិបុលសុខពីទេវតាឆ្នាំថ្មី ឆ្នាំរកានព្វស័ក

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ គណៈអភិបាលខណ្ឌ សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រី​រាជការក្រោមឱវ៉ាទសាលាខណ្ឌ មន្ត្រីវិទ្យាស្ថានស៊ីតិក ​រួមនឹងប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងលោក ម៉ែន សិរី ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពីឯ.ឧ លី ណារ៉ុន តំណាងឯ.ឧ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក បាននិមន្ត​ព្រះសង្ឃមកសូត្រមន្តចំរើនព្រះបរិត ប្រោះ​ព្រំលើករាសី សុំ​ពរជ័យ សិរីសួរស្តី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរ កើតមានដល់គ្រប់ក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ដែលនឹងឈាន​មកដល់នាពេលដ៏ខ្លីខាងមុខនេះ និងដើម្បីចូលរួមអបអរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ដែលនឹងចុះមក​ថែរ​ក្សា​មនុស្សលោក និងព្រះរាជាណាចក្រកម្ពុជានោះ ។

នៅក្នុងឱកាសជួបជុំប្រារព្វពិធីសូត្រមន្តលើករាសី និងសុំពរជ័យពីទេវតាឆ្នាំថ្មី តាមលំដាប់លំដោយ ទៅ​តាម​គន្លងប្រពៃណីព្រះពុទ្ធសាសនា នៅសាលាខណ្ឌទួលគោករួចមក ថ្នាក់ដឹកនាំខណ្ឌទួលគោក ក៏បានជួប​សំណេះ​សំណាលជាមួយមន្ត្រីរាជការក្រោមឱវ៉ាទសាលាខណ្ឌ និងប្រជាពលរដ្ឋក្រីក្រ ប្រមាណជាង២០០នាក់ ព្រមទាំងចែក​ជូននូវអំណោយជាអង្គរ ថវិកានិងឃីតមួយកញ្ចប់ ដែលជារបស់សាលាខណ្ឌទួលគោក និងវិទ្យាស្ថានស៊ីតិក សម្រាប់​បង្កលក្ខណៈអោយបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងនោះ មានឱកាសបានទៅវត្តធ្វើបុណ្យទានដូចគេឯង ក្នុងឱកាស​បុណ្យនេះ។

សូមបញ្ជាក់ថា ដើម្បីអោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែមានភាពអធិកអធម ថែមទៀតនោះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានជម្រុញអោយមន្ត្រីទាំងអស់ បំផុសប្រជាជន​អោយចូលរួម​ពិធី​បុណ្យចូលឆ្នាំថ្មីអោយបានអធឹកអធម សមស្របប្រពៃណីជាតិយើង ដែលបានបន្សល់ទុកតាំងពីជីដូនជីតាមក។ លោក ឯក ឃុនដឿន បានបានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំថ្មីជាបុណ្យប្រពៃណីជាតិក្នុងមួយឆ្នាំ ប្រារព្វធ្វើម្តង ដូច្នេះទេ មន្ត្រីយើងទាំងអស់ ត្រូវសហការផ្សព្វផ្សាយពិធីបុណ្យចូលឆ្នាំនេះ ដោយត្រូវបំផុសប្រជាជន​អោយចូល​រួម​អោយបានអធឹកអធម រួមនិងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោយត្រូវចាប់ផ្តើមពីមុនចូលឆ្នាំ អំឡុងពេលចូលឆ្នាំ​និងក្រោយពេលបុណ្យចូលឆ្នាំ។ លោក បន្តថា ពិធីបុណ្យនេះ រដ្ឋបាលខណ្ឌ នឹងរៀបចំនៅវត្តនាគវ័ន អោយមាន​ល្បែង​ប្រជាប្រិយគ្រប់ប្រភេទ ដូចជា ទាញព្រ័ត្រ លាក់កន្សែង បោះអង្គុញ វៃក្អម និងឡើងបង្គោលខ្លាញ់ជាដើម។

សម្រាប់ពិធីបុណ្យចូលឆ្នាំនេះ រដ្ឋបាលរាជធានី ក៏នឹងរៀបចំលេងល្បែងប្រជាប្រិយ នៅរមណីយ​ដ្ឋាន​វត្ត​ភ្នំផងដែរ ហើយបើតាមគម្រោងនឹងមានការចូលពីប្រជាពលរដ្ឋចំនួន២០០នាក់ក្នុងមួយខណ្ឌ៕ ស ដារា


ចែករំលែក៖