ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្សប្រុសស្រី១២នាក់នាំគ្នាសេពគ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់ហូលីដេសែនសុខ

ចែករំលែក៖

ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន១២នាក់ ត្រូវបានសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខរកឃើញ និងឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ “ហូលីដេសែនសុខ” មានទីតាំងនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ត្រូវបានចោទ និងសង្ស័យពីបទប្រើប្រាស់ថ្នាំញៀនខុសច្បាប់ បន្ទាប់ពីរកឃើញឧបករណ៍សំរាប់សេពថ្នាំញៀនជាច្រើននៅទីនោះ។

លោក គួក សុខហួរ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានប្រាប់ថា÷ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះធ្វើឡើង ក្នុងរូបភាពចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមផ្ទះជួលនិងផ្ទះសំណាក់ដើម្បី ភូមិសង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមការណែរនាំរបស់ថ្នាក់លើ ។ លោកបន្តថា ខណៈពេលចុះមកត្រួតពិនិត្យដល់ផ្ទះសំណាក់ ហូលីដេ សែនសុខ ឆែកឆេរកឃើញក្រុមយុវជនទាំងនេះស្នាក់នៅផ្តុំគ្នាតាមបន្ទប់ជួលដោយមានឧបករណ៍កែច្នៃសំរាប់សេពថ្នាំញៀនផងក៏នាំមកសាកសួរនិងធ្វើការឃាត់ខ្លួនពួកគេ បន្ទាប់ពីរកឃើញមានសញ្ញាផ្ទុកនូវសារធាតុញៀននៅក្នុទឹកនោមពួកគេ។

ក្រុមយុវជនទាំង១២នាក់នោះមានម្នាក់ជាមនុស្សស្រីឈ្មោះ ម៉ា ចន្ថាអាយុ ២០ឆ្នាំនិង១១នាក់ទៀតសុទ្ឋតែជាបុរស ដែលមានឈ្មោះ ១/លី គឹមហ៊ុយ អាយុ២៩ឆ្នាំជាងម៉ាស៊ីនត្រជាក់ ឡាន មានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ២/ ចិត្រា អាយុ២០ឆ្នាំ មុខរបរជាង ជួលជុលរថយន្ត មានទីលំនៅ ម្តុំសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ៣/ សឹម សម្ផស្ស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅ ភូមិសំបួរមាស ខណ្ឌដង្កោរ។ ៤/ តូ ទីណាល់ អាយុ២៥ឆ្នាំមុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត មានទីលំនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ។ ៥/ វ៉ាង អ៊ីហុង អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៦/ ឈិន ស៊ីថាត អាយុ៣៦ឆ្នាំ មានទីលំនៅស្រុកបាទី ខេត្តតាកែវ។ ៧/អន សាម៉ន អាយុ២០ឆ្នាំ មានទីលំនៅម្តុំសង្កាត់អូរឡាំពិក ខណ្ឌចំការមន។ ៨/ខន ស៊្រន់ អាយុ២៣ឆ្នាំ មុខរបរជាងឡានមានទីលំនៅម្តុំផ្សារតូចសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ៩/សុខ វុត្ថា អាយុ២០ឆ្នាំ មុខរបរជាងឡាន មានទីលំនៅសង្កាត់ទួលពង្រ ខណ្ឌដង្កោ។ ១០/សុខ ឧត្តម អាយុ២៩ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ ១១/ ញឹម រ័ត្ន អាយុ២៨ឆ្នាំ មានទីលំនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ។

ប៉ូលិសសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចោទពីបទប្រើប្រាស់ថ្នាំខុសច្បាប់នឹងត្រៀមបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដែលតាមច្បាប់ពួកគេម្នាក់ត្រូវឃាត់ និងឃុំខ្លួននៅមណ្ឌលកែប្រែ ដើម្បីអប់រំ និងបន្សាបថ្នាំញៀននៅក្នុងចន្លោះពី៣ខែរហូតដល់៦ខែ ឬ១ឆ្នាំ ដែល អាស្រ័យលើ ស្ថានភាពនៃឥទ្ធិពលផ្ទុកនូវសារធាតិជាតិថ្នាំញៀននៅក្នុងខ្លួនតិច ឬច្រើន និងកំរិតប្រសិទ្ឋភាពនៃលទ្ឋផល ការព្យាបាល៕ តុង សីហា


ចែករំលែក៖