ខេត្តស្វាយរៀង៖ នារសៀលវេលាម៉ោង២និង៣០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅសាលាក្រុង លោក សេង សីលា អភិបាលនៃគណអភិបាលក្រុងបាវិតបានអញ្ជើញចូលរួម ប្រារព្ធពិធីសូត្រមន្តចំរើនព្រះបរិត្តអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក លឹម សៀងហេង អភិបាលរងក្រុង លោកក្រុមប្រឹក្សាក្រុង និងអស់លោក-លោកស្រីប្រធានការិយាល័យចំណុះឲ្យសាលាក្រុងបាវិតយ៉ាងច្រើនកុះករផងដែរ ។
ក្នុងពិធីនោះដែរ ថ្នាក់ដឹកនាំក្រុង លោក សេង សីលា និងមន្ត្រីក្រោមឱវាទ ក៏បាននិមន្តព្រះសង្ឃសូត្រមន្ត និងរាប់បាត្រ ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតារក្សាឆ្នាំថ្មី ឆ្នាំរកាជាដើមនោះ សូមជួយប្រោះព្រហ្មសេរីសួស្តី ជ័យមង្គលអាយុយឺនយូរ ឈ្នះរោគាទាំងឡាយ និងបួងសួងសុំសេចក្តីសុខគ្រប់ៗគ្នា ។
បន្ទាប់ពីពិធីសូត្រមន្តចំរើនព្រះបរិត្តរួចហើយ លោកអភិបាលក្រុង និងអស់លោក លោកស្រីអភិបាលរង ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួន៧អង្គ ដែលនិមន្តមកពី៧វត្ត ក្នុងសង្កាត់បាវិត ក្រុងបាវិត ដោយក្នុង១វត្ត ទទួលបានបច្ច័យ៦ម៉ីនរៀល ប្រកបទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។
លោកអភិបាលក្រុងបាវិតបានថ្លែងអំណរគុណដល់អស់លោកក្រុមប្រឹក្សាក្រុង មន្ត្រីជាប់កិច្ចសន្យាព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឲ្យ មិនខ្លាចនឿយហត់ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោហុ៑ន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពបន្តថា មិនតែប៉ុណ្ណោះរយះពេលមួយឆ្នាំទៅមួយឆ្នាំក្រុងបាវិត មានការរីកចម្រើនលើគ្រប់វិស័យ ក៏ដូចជាហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ជាច្រើន ដែលធ្វើអោយក្រុងបាវិតមានមុខមាត់ហើយយើងទាំងអស់គ្នា ត្រូវខិតខំបន្តនៅឆ្នាំ២០១៧នេះអោយរីកចំរើនបន្ថែមទៀតផងដែរ ៕ យឹម សុថាន