ភ្នំពេញ ៖ ដោយសារតែកម្មករសំណង់និយាយដដែលៗទាមទារបើកលុយឲ្យបានរហ័សប្រញាប់ទៅលេងស្រុកក្នុងពេលចូលឆ្នាំ ហើយមេការសំណង់ប្រាប់ថារង់ចាំបន្តិចទើបលុយមកដល់ ធ្វើឲ្យកម្មករសំណង់ស្តាប់ មិនបានចេះតែទាមទារបើកលុយម្តងហើយម្តងទៀត មេការទ្រាំលែងបានក៏ដាល់ពីរដៃខៀវភ្នែក បង់អស់៣០ ម៉ឺនរៀលទើបចប់រឿង ។
រឿងហេតុមេការប្រើកណ្តាប់ដៃវ៉ៃកម្មករសំណង់បងអស់៣០ម៉ឺនរៀលនេះកើតឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លុះដល់ព្រឹកឡើងថ្ងៃទី១១ ខែមេសា ទើបនគរបាល ហៅមេការ ជាជនបង្កមកចូលប៉ុស្តិ៍ដើម្បីដោះសញរាយគ្នា ។
សមត្ថកិច្ចឲ្យដឹងថា ភាគីខាងជនរងគ្រោះ ឈ្មោះ អុល ឈន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរកម្មករសំណង់ ជាងបៀកថ្នាំ ស្នាក់នៅ ផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិ-ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសប៉ោងភ្នែកឆ្វេង ។ ចំណែកមេការសំណង់ចិត្តភ្លើងឈ្មោះ ខាង សុខវឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលការដ្ឋានសំណង់ខាងលើត្រូវបានឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំខ្មែរ ហើយត្រូវបើកលុយប្រាក់ឈ្នួលឲ្យកម្មករផងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នោះ គាត់បានទៅរកបើកលុយពលកម្មចំនួនចំនួនជាង ៣០មុឺនរៀល ពីមេការសំណង់ខាងលើ។ លុះពេលគាត់ សួររកលុយដដែលៗ ធ្វើឲ្យលោកមេការខឹងហក់ទៅដាល់ចំកណ្តាលមុខគាត់ ២ដៃ ខៀវភ្នែកតែម្តង។
ចំណែកលោកមេការសំណង់វិញនិយាយថា មុនពេលកើតហេតុជនរងគ្រោះបានទៅស្រែកឡូឡាទាមទារបើកលុយផ្អើលគេផ្អើលឯង ហើយទោះបី គាត់ប្រាប់ថាឲ្យរង់ចាំបន្តិចសិនសិន លុយមិនទាន់មកដល់ទេ តែជនរងគ្រោះនិយាយដដែលៗធ្វើឲ្យគាត់ទើសភ្នែកពេកទ្រាំលែងបាន ខឹងពេកក៏ដាល់ ២ដៃកណ្តាលមុខតែម្តងទៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានទៅប្តឹងនគរបាលប៉ុស្តិ៍កាកាបតាំងពីល្ងាចតែសមត្ថកិច្ចជាប់រវល់ទើប នៅព្រឹកឡើងថ្ងៃទី១១ ខែមេសា បានហៅភាគី ទាំង២ និយាយសម្របសម្រួលគ្នាហើយដោយលោកមេការ មិនចង់ឲ្យមានរឿងវែងឆ្ងាយក៏ សុខចិត្តសងលុយចំនួន៣០មុឺនរៀលទៅជនរងគ្រោះបញ្ចប់រឿង ដូច្នេះជនរងគ្រោះទទួលបានជាង ៦០ម៉ឺនរៀលទាំងប្រាក់ឈ្នួលជាង ៣០មុឺនរៀលផង ៕ ប្រាថ្នា