ព័ត៌មានទាន់ហេតុការណ៍៖

គាស់ផ្ទះលោកមេធាវីលួចទ្រព្យយកទៅលក់ចាយអស់ សល់តែកុំព្យួរទ័រមួយគ្រឿងយកមកប្រគល់ឲ្យជនរងគ្រោះវិញ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីស្រាវជ្រាវដឹងថាជនសង្ស័យម្នាក់នេះបានគាស់ផ្ទះលោកមេធាវីយកទ្រព្យអស់ជាច្រើនបានមួយថ្ងៃមកហើយ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅកាលម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ ១១០ ផ្លូវលេខ១០បេតេ ភូមិ សន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សំ មនោរម្យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេធាវី ស្នាក់នៅចំណុចកើតហេតុខាងលើ។រីឯជនសង្ស័យមានឈ្មោះ សេង ធារ៉ា ហៅម៉េង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិដំណាក់អំពិល ឃុំពញ្ញាក្រែង ស្រុកពញ្ញាក្រែង ខេត្តកំពង់ចាម។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុនាវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលបានចាក់សោផ្ទះរួចចេញទៅធ្វើការទាំង ២នាក់ប្ដីប្រពន្ធអស់ទៅ។ លុះមកដល់ម៉ោង៩ ព្រឹក ថ្ងៃខែឆ្នាំដដែលស្រាប់តែមានអ្នកជិតខាងទូរស័ព្ទប្រាប់ថា ឃើញទ្វារផ្ទះបើកចំហរក្រោយមកគាត់ក៏ប្រញាប់មកមើលផ្ទះវិញ ឃើញទ្វារផ្ទះចំហរមែន ក៏ចូលទៅក្នុងផ្ទះឃើញមានសភាពរើកកាយបាត់ទ្រព្យសម្បត្តិមានដូចជាខ្សែដៃផ្លាទីនដាំពេជ្រ១ខ្សែ,ចិញ្ជៀន ដាំពេជ្រ១វង់ ខ្សែក ១ខ្សែនិងលុយ១០០០ដុល្លារសហរដ្ឋអាមេរិក និងកំព្យូទ័រ ១គ្រឿង។ បន្ទាប់មករូបគាត់ក៏ទៅ ដាក់ពាក្យបណ្ដឹងដោយយកទាំងកាមេរ៉ាសុវត្ថិភាពថតជាប់រូបជនសង្ស័យទៅបង្ហាញសមត្ថកិច្ចទុកស្រាវជ្រាវទៀតផង ។

ចំណែកជនសង្ស័យវិញបានសារភាពថាខ្លួនបានគាស់ផ្ទះលោកមេធាវីលួចទ្រព្យជាមួយឈ្មោះ ទី ភេទប្រុស អាយុ២៨ឆ្នាំប្រាកដមែន ដោយបានជិះម៉ូតូស៊ុយសូគីនិកពណ៌ស គ្មានស្លាកលេខមកឈប់មុខផ្ទះរួចចូលទៅ ធ្វើសកម្មភាពបានសម្រេចហើយចែកឲ្យ ឈ្មោះទីបានលុយចំនួន ១៥០០ដុល្លារឯខ្លួនគេបានតែ១០០០ដុល្លារ រួចយកមកលេងល្បែងចាញ់អស់ទៅហើយ។ នៅសល់កំព្យូទ័រ ១គ្រឿងគេយកទៅបញ្ចាំនៅម្ដុំឃ្លាំងរំសេវផ្លូវបេតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានលុយក៏ចាយអស់ដែរ ។

ទីបំផុតសមត្ថកិច្ចបានទៅដកហូតវត្ថុតាង រួមមានកុំព្យូទ័រ ១គ្រឿងប្រគល់ឲ្យជនរងគ្រោះវិញនិងបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមច្បាប់បន្ត ៕ ប្រាថ្នា


ចែករំលែក៖