ព័ត៌មានទាន់ហេតុការណ៍៖

ខឹងរថយន្តកៀរម៉ូតូឲ្យដួលរលាត់ដៃជើង ជិះតាមគប់កញ្ចក់រថយន្តទាល់តែប្រេះស្រាំ

ចែករំលែក៖


ភ្នំពេញ៖ បុរស​ ២នាក់ ខឹង​រថយន្ត​មួយគ្រឿង ​ដែល​បើក​កៀរ​ម៉ូតូពួកគេឲ្យដួលពេលជិះ​ ចេញ​ពី​ផឹក​នៅ​ក្លឹប​កម្សាន្ត​មួយ​កន្លែងត្រឡប់​ផ្ទះ​វិញ​បានបណ្តាលឲ្យ​ដួល​ ហើយ​រថយន្ត​នោះ​អត់​ឈប់​ ធ្វើ
ឲ្យពួកគេ​ជិះ​ម៉ូតូ​យកដុំថ្ម​ដេញ​គប់​ទៅលើរថយន្ត​វិញ​​ បណ្តាលឲ្យមាន​ស្នាមប្រេះកញ្ចក់​បន្តិច​ ទើបម្ចាស់​រថយន្ត​ប្តឹង​​សមត្ថកិច្ច​ឲ្យឃាត់​ខ្លួនទាំងពីរនាក់តែម្តង ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង​២​រំលងអធ្រាត្រ ​ឈានចូលថ្ងៃ​ទី​១២​ ខែ​មេសា​ ឆ្នាំ​២០១៧​ នៅទល់មុខ​ហាងខារ៉ាអូខេ​កូឡូសូ​ ផ្លូវលេខ​៣៦០​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​ចំការមន​ ។

អ្នក​បើកបររថយន្តដែលថ្លែងដោយ សុំមិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នៅមុនពេល​កើតហេតុ​ រូបគាត់​បានបើករថយន្ត​ តាក់​ស៊ី​ កាមរី​ ហាយប្រីត​ ពណ៌ស​ អត់មានស្លាកលេខ​ ត្រឡប់​មកពី​ជួន​ភ្ញៀវ​វិញ​នៅ​ម្ដុំ​ ស្តុប​ផ្សារ​ដេប៉ូ​ ដោយ​បានធ្វើដំណើរតាមផ្លូវ​លេខ ២១៥​ ក្នុង​ទិសដៅ​ ពី​លិច​ទៅកើត។លុះ​មកកន្លែង​កើតហេតុ​ ស្រាប់តែមាន​បុរសពីរនាក់​អាយុជាង​២០​ឆ្នាំ​ បាន​ជិះម៉ូតូ​ម៉ាក​ YAMAHA FINO ពណ៌​ខ្មៅ​លាយ​ផ្កាឈូក​ ​ដេញតាមពីក្រោយរថយន្តរបស់គាត់ រួចពួកគេបាន យកដុំថ្ម​ មកគប់​រថយន្ត​របស់​គាត់បណ្តាលឲ្យមានស្នាមប្រេះកញ្ចក់​បន្តិច​ ។បន្ទាប់មកពួកគេបានព្យាយាម​បើក​ម៉ូតូ​រត់​គេច​ រហូត​ដល់​មុខតុលាការ​យោធា​ ផ្លូវ​៦៣០​សង្កាត់​ទួល​ស្វាយ​ព្រៃ​១​ ខណ្ឌ​ចំ​ការ​មន​ ទើប​គាត់បានដេញ​ទាន់​ រួច​ហើយ​​ឃាត់ខ្លួន​ឲ្យ​នគរបាលយកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ បឹង​កេង​កង​៣​ តែម្តង។

​សមត្ថកិច្ចបានឲ្យដឹងពេលសាកសួរបុរសទាំងពីរនាក់នេះ ពួកគេបាននិយាយ​ថា​ ពួក​គេ​ទាំង​ពីរ​នាក់​​បានចេញ​ពីក្លឹប​កម្សាន្ត ​RCA ដែល​ស្ថិត​នៅ​ផ្លូវលេខ​ 310 ​សង្កាត់​បឹង​កេងកង​១ ​ខណ្ឌ​ចំការមនក្នុង​ គោលបំណង​ត្រឡប់​ទៅផ្ទះ​វិញ​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​ ដោយ​បាន​ជិះ​ម៉ូតូ​ ធ្វើដំណើរ​តាម​ផ្លូវ​លេខ២១៥​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។លុះ មកដល់ស្តុ​ប​ផ្សារ​ដេប៉ូ​ ក៍ស្រាប់តែ​រថយន្តហាយប្រ៊ីតនេះបានបើក​មកកៀរ​គេ​ទាំង​ពីរ​នាក់​ បណ្តាលឲ្យ​ដួល​ រងរបួស​រលាត់ដៃជើង​តិចតួច។ដោយសារអ្នកបើកបររថយន្តមិន ឈប់​ដោះស្រាយបែរជាព្យាយាម​បើក​រត់​គេច​ ធ្វើឲ្យ​ពួក​គេ​ខឹងនាំគ្នាជិះ​ម៉ូតូ​ដេញ​ពី​ក្រោយ​រហូត​ទាន់នៅចំណុចខាងលើក៏​ យកដុំថ្មគប់​រថយន្ត​នោះ​ តែ​ម្ដងទៅ​ ។

ពេល​នោះ​ដែរ ​ខាង​រថយន្ត​វិញ​បានប្រាប់​ថា​ ប្រសិន​បើ​ជារូប​គេ​ បើក​រថយន្ត​កៀរម៉ូតូនេះមែនគេបើក​រថយន្ត​គេខ្លួន​បាត់​ទៅ​ហើយ​ មិន​បាច់​ឲ្យអ្នកទាំ​ងពីរ​ ដេញ​គប់​រថយន្តយ៉ាងនេះ​ទេ​ ។

ក្នុងដំណោះស្រាយនេះខាងរថយន្ត​​បានទាមទារ​សំណង​ ចំនួន​ ៥ពាន់​ដុល្លារ​ តែ​ខាង​ម៉ូតូ​អត់​លុយ​បានឲ្យ​តែ ១០ដុល្លារ​ ហើយការសម្របសម្រួល​ គ្នា​នេះមិនត្រូវ​ទើប​សមត្ថកិច្ច​សម្រេចបញ្ជូន​ខ្លួនគេទាំងអស់​ទៅ​អធិការ​ដ្ឋាន​នគរបាលខណ្ឌ​ចំការមន​ ដើម្បី​ដោះស្រាយ​បន្ត ៕ ប្រាថ្នា

 

 


ចែករំលែក៖