ភ្នំពេញ៖ នៅពេលឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិមិនទាន់ចូលមកដល់ផងនោះ ជនជាតិខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនារមែងមានអារម្មណ៍ត្រេកអរ សប្បាយរីករាយមុនទៅហើយ ដោយគ្រាន់តែអារម្មណ៍ត្រេកអរនោះមានតិច ឬច្រើន ប៉ុណ្ណោះ។ ព្រោះថា ឱកាសនេះជាវេលា មួយដែលបងប្អូន ញាតិមិត្តជិតឆ្ងាយជួបជុំមូលមីរធ្វើបុណ្យ ធ្វើទាន សាកសួរសុខទុក្ខ គ្នាទៅវិញទៅមក ហើយក៏ជាព្រឹត្តិការណ៍ដែលធ្វើឲ្យរំជួលដល់ទឹកចិត្ត និងជីវភាព រស់នៅរបស់ជនជាតិខ្មែរផងដែរ។
មុនសង្ក្រាន្តឆ្នាំថ្មីចូលមកដល់ ក្មេង ចាស់ ប្រុសស្រី កំលោះក្រមុំក្រមាច់ តែងតែរៀបចំបោសជ្រះសម្អាតទីបរិវេណផ្ទះ សម្បែង ផ្លូវថ្នល់ ចេតិយ រានទេវតា ឬ សម្អាតភូមិម្ករ រមណីយដ្ឋាន ក្នុងន័យកម្ចាត់ នូវឧបទ្រពចង្រៃឲ្យជ្រះស្រឡះ និងរៀបចំ រណ្តាប់ថ្វាយទេវតាឆ្នាំថ្មីដើម្បីសុំពរជ័យ សេចក្តីសុខចម្រុងចម្រើនក្នុងក្រុមគ្រួសារ និងការប្រកបរបរទទួលទានមានបានចាប់ពីឆ្នាំថ្មីនេះតរៀងទៅ។
ថ្វីបើឆ្នាំចាស់កន្លងផុតទៅមែន ក៏ប៉ុន្តែ ឆ្នាំថ្មីចូលមកជំនួស ហើយប្រការ៣យ៉ាងដែលកូនចៅប្រុសស្រីតោងតែប្រកាន់ខ្ជាប់ក្នុងឱកាសឆ្នាំថ្មីនោះគឺ ទី១.ក្មេងចាស់ កំលោះក្រមុំ គួររៀបចំលុយកាក់ សំពត់ ខោអាវ ក្រមាថ្មីៗ ផលាផលំ ភេសជ្ជៈ រៀប ចំជាស្រេចបាច់ ដើម្បីទុកជូនមាតាបិតា ជីដូនជីតា ព្រឹទ្ធាចារ្យ ជាទីគោរពសក្ការនៃយើង។ ដ្បិតក្នុងឱកាសនេះកូនចៅខិតខំធ្វើបុណ្យទានឲ្យទាន់ខែភ្លឺស្របពេល ដែលឪពុកម្តាយ និងអ្នកមានគុណនៅមាន ជន្មាយុនៅឡើយ។ ការធ្វើទានមិនមែន សម្តៅតែឪពុកម្តាយជីដូនជីតាប៉ុណ្ណោះទេ តែទាននេះប្រសិនបើយើងមានលទ្ធភាព គួរតែធ្វើចំពោះចាស់ទុំ ព្រឹទ្ធាចារ្យ ក្មេងៗឯ ទៀតក៏រឹតតែប្រសើរ។
ប្រការទី២. ក្រៅពីរៀបចំភេសជ្ជៈបច្ច័យ សម្លៀកបំពាក់ជូនអ្នកមានគុណហើយ នោះ ក៏គួរនាំគ្នាទៅវត្តអារាមដើម្បីយក ចង្ហាន់ បច្ច័យ ទេយ្យទានបង្សុកូលប្រគេន ព្រះសង្ឈ រាប់បាត្រ ពូនភ្នំខ្សាច់ សាងកុសល សម្រួមកាយវាចាចិត្តឲ្យជ្រះស្រឡះដើម្បីឲ្យទេវតាឆ្នាំថ្មី និងគុណបុណ្យព្រះរតន ត្រ័យជួយបីបាច់ថែរក្សាឲ្យកូនចៅមាន អាយុយឺនយូរ និងប្រកបការងារ របររក សុីទទួលទានកាន់តែមានបាន ត្រជាក់ ត្រជំ។ ព្រោះសីលជាស្ពាន ទានជាស្បៀងដែលនាំខ្លួនយើងឲ្យទៅរកសេចក្តីស្ងប់ សុភមង្គលបាន។
ប្រការទី៣. ក្រោយពីបញ្ចប់កាតព្វកិច្ច ទី១ ទី២ហើយនោះ ក្នុងនាមជនជាតិខ្មែរ ក៏គួរកុំភ្លេចនាំគ្នាលេងល្បែងប្រជាប្រិយ៍ ដូចជាបោះឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែងជាដើម ដើម្បីញុាំងឲ្យពិធី បុណ្យចូលឆ្នាំកាន់តែអធិកអធម និងម្យ៉ាង ទៀត ធ្វើឲ្យទឹកចិត្តជនជាតិខ្មែរកាន់តែចេះថែរក្សាប្រពៃណី និងមានសាមគ្គីភាពរវាង គ្នានឹងគ្នា។ ប៉ុន្តែប្រមាណឆ្នាំកន្លងមកនេះ ល្បែងប្រជាប្រិយ៍មានលេងតិចតួចនៅ តាមវត្តវ៉ា និងភូមិស្រុកនានា។ ប្រការនេះ អាស្រ័យដោយចាស់ទុំក្នុងភូមិ គណៈកម្ម ការអាចារ្យវត្ត មន្ទីរវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប មិនបានរៀបចំល្បែងល្បាំឲ្យមាននៅតាមទីអារាមដើម្បីផ្តល់ឱកាសដល់កំលោះក្រមុំ ក្មេងក្មាងបានលេងនោះ ទេ។
អ្នកស្រី ត្រឹង ងា បានសរសេរនៅក្នុង វណ្ណកម្មស្តីពីអរិយធម៌ខ្មែរថា នៅប្រទេសខ្មែរចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ(វិធីដើរនៃព្រះចន្ទ) ទើបកំណត់យកខែមិគសិរ ជាខែចូលឆ្នាំ ហើយក៏ជាខែទី១ ខែកតិ្តក ជាខែទី១២។ លុះក្រោយមកទើបគេនិយម សុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ហើយក៏កំណត់ ពិធីចូលឆ្នាំក្នុងខែចេត្រ ដែលជាដើមឆ្នាំ កំណត់ព្រះអាទិត្យចូលកាន់មេសរាសី ឯ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ ខែមេសា (ខែចេត្រ) រៀងរាល់ឆ្នាំ។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា សាមញ្ញសង្ក្រាន្ត(ព្រះអាទិត្យដើរ ត្រង់លើក្បាលជាសង្ក្រាន)។ ឯមហា សង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា អាយន្តសង្ក្រាន្ត (ពេលព្រះអាទិត្យដើរបញ្ឆៀងមិនត្រង់ពីលើក្បាល)។
អ្នកស្រី ត្រឹង ងា បានប្រាប់កាសែតនគរ វត្តតាមរយៈសំណេរអរិយធម៌ខ្មែរថា នៅ ថ្ងៃចូលឆ្នាំមកដល់ គេរៀបចំពលីការចាំ ទទួលទេវតាដែលមានជាអាទិ៍ ទៀន៥ដើម ធូប៥សរសៃ ផ្កា៥ទង លាជ៥ បាយសី៥ ថ្នាក់មួយគូ បាយសីប៉ាឆាម១គូ ស្លាធម៌១គូ ស្លាបារី១ពាន ផ្កាភ្ញី ផ្លែឈើ។ លុះរណ្តាប់ថ្វាយទេវតារៀបចំរួចជាស្រេច គេនាំកូនចៅទៅអង្គុយជួបជុំជិតកន្លែងរៀបពលីការនោះ ហើយអុជធូប ទៀនបន់ស្រន់សុំសេចក្តីសុខគ្រប់ប្រការពីទេវតាឆ្នាំថ្មី រួចក៏នាំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ ៕ ឡាទាក់