ភ្នំពេញ៖ ហេតុការណ៍ថ្នាក់ចរាចរណ៍មួយបង្កឲ្យក្មេងប្រុសម្នាក់បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តបើកបុកពេញទំហឹងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហពន្ធ័រុស្សី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចកមចៅ ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាក Lancruiser ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2Q2785 ចំណែកម៉ូតូ C125 ឆ្នាំ2002 ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 1B 4734 ។
ប្រភពបន្តថា ជនដែលស្លាប់ឈ្មោះ យ៉ុង ធារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សវិទ្យាល័យពងទឹក ស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកអ្នកបើកបររថយន្តឈ្មោះ ចេង ជា ភេទប្រុស អាយុ38ឆ្នាំ មុខរបរសន្តិសុខយាមភោជនីយដ្ធានអុីសានឡូវ ស្រុកកំណើត ខេត្តតាកែវ បច្ចប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅត្រូវបាននគបាលឃាត់ខ្លួន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវសហព័ន្ធរុស្សីុ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើត ហេតុស្រាប់តែរថយន្តបង្កបានកៀជាមួយរថយន្តសាំយ៉ុងរត់តាក់សុី និងបន្តមកបុកម៉ូតូជនរងគ្រោះតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ធាននគបាលរាជធានី ។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ