ស្ថានភាពពិភពលោកកំពុងតែតានតឹងដោយសារតែកម្មវិធីបរមាណូ ហើយអាចប្រឈមនឹងសង្គ្រាមបរមាណូនៅពេលខាងមុខទៀតផង ដែលចំណុចទាំងនោះហើយ ទើបប្រទេស ដែលមានបរូមាណូ ដូចជា រុស្ស៊ីនិងចិន បាននាំគ្នាធ្វើលំហាត់សមយុទ្ធស្តីពីសង្គ្រាមបរមាណូ ដែលអាចកើត ឡើង។ ការធ្វើសមយុទ្ធនោះគឺក្នុងគោលដៅទប់ទល់និងវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត។
រុស្ស៊ីបានធ្វើសមយុទ្ធរួចរាល់ ទាំង ស៊ីវិលនិង យោធា ដើម្បីអាចរក្សាជីវិតបានពេលមានសង្គ្រាមបរូមាណូកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះរុស្ស៊ីបាន បង្កើតទីតាំងក្រោមដីជាច្រើនទុកសម្រាប់ភៀសខ្លួន ពេលមានសង្គ្រាមបរមាណូនោះ។
សមយុទ្ធនោះមិនបានឡើងគម្រោង ទុកមុននោះឡើយ គឺធ្វើសមយុទ្ធភ្លាមៗ ដើម្បីត្រួតពិនិត្យប្រព័ន្ធសន្តិសុខបរមាណូរបស់ប្រទេស និងការត្រៀមលក្ខណៈធ្វើសង្គ្រាមរបស់កម្លាំងទាហាន។
ចំណែកនៅក្នុងប្រទេសចិនវិញការធ្វើសមយុទ្ធគឺក្រោយការតាមដានរបស់ លោក Wang Yiren អគ្គនាយករង មជ្ឈមណ្ឌល បច្ចេកវិទ្យានិងវិទ្យាសាស្ត្រការពារជាតិ និងជាអគ្គនាយក រងអង្គការថាមពល បរមាណូចិន។ ការធ្វើសមយុទ្ធរបស់ចិនកើតឡើងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ក៏ដូចជានៅក្នុងដែនសមុទ្រចិនភាគខាងកើត។
កន្លងមកថ្មីៗកម្លាំងទាហានចិនបាន បាញ់មីស៊ីលរាប់សិបគ្រាប់ និងមីស៊ីលបុក នៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រចិនភាគខាងកើត។
នៅក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនភាគខាងកើតនោះ ចិនបានបាញ់មីស៊ីលរាប់សិបគ្រាប់ឯណោះ។ ហេតុ ការណ៍ខាងលើ កើតឡើងក្នុងពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាង ចិននឹងជប៉ុន ក៏ដូចជាប្រទេសដែលមានវិវាទនៅសមុទ្រចិនភាគខាងត្បូង ។
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បាន ប្រកាសថា ការធ្វើសមយុទ្ធនេះដើម្បីបង្កើនសមត្ថភាពកម្លាំង ក៏ដូចជាបង្កើនការយាមល្បាតនៅក្នុងតំបន់នេះ។ ការធ្វើសមយុទ្ធខាងលើមានការចូលរួមពីនាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំងជាច្រើន គ្រឿង ដើម្បីការពារផលប្រយោជន៍ចិននៅដែនសមុទ្រ ។
ចិនបានព្រមានដល់ប្រទេសក្នុងតំបន់ថា ចិននឹងប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បី បង្កើតតំបន់ការពារគ្រប់គ្រង ដែនអាកាសក្រោយពេលដែលចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលស្តីពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង។
បើទោះបីយុត្តិធម៌អន្តរជាតិបានបញ្ចេញសំឡេងក៏ដោយ ក៏នៅក្នុងសៀវភៅរបស់ រដ្ឋាភិបាលចិនដែលបានប្រកាស ថាចិនបានចាត់ទុកការគ្រប់គ្រងរបស់ហ្វុីលីពីននៅសមុទ្រចិនភាគខាងត្បូងគឺគ្មានមូលហេតុហើយក៏ជាសកម្មភាពមានចេតនាអាក្រក់។ ចិនបានអះអាងថានាវានេសាទរបស់ខ្លួនតែងតែត្រូវបានកម្លាំងទាហានប្រទេសហ្វុីលីពីនឆាឆៅជាបន្តបន្ទាប់ ។
រដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថា “ការណ៍ដែលចិនបង្កើត តំបន់គ្រប់គ្រងដែនអាកាស ADIZ នៅ សមុទ្រចិនភាគខាងត្បូងឬក៏អត់នោះ គឺយើងត្រូវតែធ្វើឲ្យប្រាកដថា ចិនមាន សិទ្ធិក្នុងការធ្វើដែរឬទេ? ហើយយើង ត្រូវការ ADIZ នៅទីនោះដែរឬទេ ?ទាំង អស់នោះអាស្រ័យទៅលើផលប្រយោជន៍ របស់ចិនរងការគំរាមកំហែង”។ ចិនសង្ឃឹមថានឹងមានកិច្ចពិភាក្សាទ្វេភាគីជាមួយភាគីហ្វុីលីពីន។
ចិនបានប្រកាសទៀតថា ប្រទេសដទៃទៀតក្នុងតំបន់មិនត្រូវប្រើប្រាស់ឱកាសនេះដើម្បីគំរាមកំហែងចិននោះទេ ហើយ សង្ឃឹមថាប្រទេសទាំងអស់នោះនឹងសហការជាមួយចិនដើម្បីរក្សាសន្តិសុខស្ថិរភាពនៅដែនសមុទ្រចិនភាគខាងត្បូងមិនត្រូវប្រែក្លាយទីនេះឲ្យទៅជាទីលានសមរភូមិនោះឡើយ ។
ក្នុងពេលជាមួយគ្នានេះសារព័ត៌មានចិនបានផ្សាយថា ចិននឹងធ្វើគ្រប់យ៉ាង ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួននិងផលប្រយោជន៍នៅដែនសមុទ្រចិនភាគខាង ត្បូង ។
ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅ សហរដ្ឋអាមេរិកបានប្រកាសទម្លាក់កំហុសទៅឲ្យអាមេរិកថាជាអ្នកបង្កឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង ដោយសារតែគោលនយោបាយឆ្ពោះមកកាន់អាស៊ី របស់អាមេរិក។ ស្ថានទូតចិននៅ អាមេរិកបានប្រកាសថាការប្តឹងទៅកាន់តុលាការអាជ្ញាកណ្តាលនឹងបើកផ្លូវឲ្យមានការប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការដើម្បីដាក់គំនាបទៅលើប្រទេសចិន និងធ្វើឲ្យបាត់បង់គោលបំណងពិភាក្សាទ្វេភាគី។ ចំណុចទាំងនោះនឹងបង្កឲ្យមានការប្រឈមមុខ ដាក់គ្នារវាងចិននឹងប្រទេសដែលមានវិវាទ។
ពាក់ព័ន្ធនឹងករណីនេះដែរហ្វុីលីពីនបានស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្ដាលក្រុងឡាអេដែលបានបញ្ជាក់យ៉ាងច្បាស់ថា ចិនគ្មានសិទ្ធិជាប្រវត្តិសាស្ត្រនៅសមុទ្រចិនខាងត្បូងដូចដែលបានលើកឡើងឡើយ ។ នេះគឺជាសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ដ្រីការបរទេសហ្វុីលីពីន លោក Perfecto Yasayកាលពី ថ្ងៃអង្គារ។ សម្រាប់លោក Perfecto Yasayសេចក្ដីសម្រេចរបស់តុលាការដូច្នេះគឺជា ជំហានប្រវត្តិសាស្ត្រដែលរួមចំណែកដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង ។
លោក Perfecto Yasayបានអះអាងពីការតាំងចិត្តនិងសេចក្ដីគោរពយ៉ាងមុតមាំ របស់ហ្វុីលីពីនក្នុងការអនុវត្តសេចក្ដីសម្រេចនេះ។ បើតាមប្រមុខការទូតដដែលរបស់ហ្វុីលីពីនក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងបន្តអត់ធ្មត់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
ជាការពិតជំហរនេះមិនមែនជារឿងថ្មីសម្រាប់ពិភពលោកឡើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយសហគមន៍អន្តរជាតិបាននាំគ្នាចេញមុខធ្វើអន្តរាគមន៍ដោយស្នើឲ្យចិនក៏ដូចជាហ្វុីលីពីនគោរពតាមសេចក្តីសម្រេចរបស់តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលទីក្រុងឡាអេ។ ការមិនអើពើមិនទទួល ស្គាល់ឬមិនគោរពតាមសេចក្តីសម្រេចនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាការរំលោភលើច្បាប់និងនីតិវិធីអន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕ ម៉ែវ សាធី