ព័ត៌មានទាន់ហេតុការណ៍៖

ចិន-កូរ៉េខាងជើងអាចពិភាក្សាស្ងាត់ៗស្តីពីកម្មវិធីបរមាណូ

ចែករំលែក៖

ចិន និងកូរ៉េខាងជើងទំនងជាបានពិភាក្សាគ្នាដោយស្ងាត់ៗស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើងដែលបង្កឲ្យមាន វិវាទកាន់តែខ្លាំងឡើងៗ។

បណ្តាញព័ត៌មាន NBC បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិកបញ្ជាក់ ថា ចិនបានបញ្ជូនឧបការីពិភាក្សាពីកម្មវិធីបរមាណូទៅកាន់កូរ៉េខាងជើងដើម្បីដោះស្រាយស្ថានការណ៍នយោបាយកាន់តែ តានតឹងនោះ។

បណ្តាញព័ត៌មាន CAN របស់តៃវ៉ានក៏បានដកស្រង់អ្នកឯកទេសវិភាគផ្នែកយោធាលោក Liang Guoliang បញ្ជាក់ថា ចិនកំពុងតែដោះស្រាយវិបត្តិជាប់គាំងស្តីពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើងតាមរយៈ ការបរទេស។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានដាក់លក្ខខណ្ឌ៣ឆ្នាំក្នុងការបោះបង់ កម្មវិធីបរមាណូប្រសិនបើទទួលបានជំនួយ សេដ្ឋកិច្ចពីទីក្រុងប៉េកាំង ក៏ដូចជាទទួល បានការធានារក្សាសន្តិសុខពីរដ្ឋាភិបាល ចិនផងដែរ។

ប៉ុន្តែរដ្ឋាភិបាលចិនមិនទាន់បញ្ជាក់ពីព័ត៌មានខាងលើថាជាការពិតដែរឬយ៉ាងណានោះទេ? មន្ត្រីការបរទេសចិនមួយរូបបានបញ្ជាក់ថា យើងនឹងបញ្ជាក់ឲ្យបានច្បាស់ ពីព័ត៌មានដែលផ្សព្វផ្សាយមិនសមស្របទៅនឹងបរិយាកាសទំនាក់ទំនងរវាងចិន នឹងកូរ៉េខាងជើងនាពេលនេះឡើយ។

បច្ចុប្បន្នចិនមានជំហររឹងមាំចំពោះកូរ៉េខាងជើង។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានផ្សាយថា ចិនបានបញ្ជូនកម្លាំងទាហាន ជាច្រើនមុឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេស កូរ៉េខាងជើងទប់ទល់នឹងហេតុការណ៍ អាក្រក់ដែលអាចកើតឡើង ក្នុងនោះមានការហូរចូលនៃជនអន្តោប្រវេសន៍កូរ៉េខាងជើងទៅកាន់ប្រទេសចិន បើមានសង្គ្រាម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទេសចរណ៍ចិនបានផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េ ខាងជើងផងដែរ។ ក្រៅពីនេះក្រុមហ៊ុន អាកាសចរណ៍ Air China ក៏បានផ្អាកជើងហោះហើរទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Rex Tillerson បានជួបពិភាក្សាជាមួយសមភាគីចិនស្តីពីស្ថាន ការណ៍ឧបទ្វីបកូរ៉េ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះដែរ គឺប្រទេសនេះបានបាចខិត្តប័ណ្ណឃោសនា រាប់ពាន់សន្លឹកត្រូវបានរកឃើញនៅក្នុង ទីក្រុងអុីឈុន ហើយសមត្ថកិច្ចបានលើក ឡើងថា យុទ្ធនាការឃោសនាលើកចុងក្រោយនេះធ្វើឡើងដោយរបបកម្មុយនិស្ដកូរ៉េខាងជើង ស្របពេលដែលស្ថានភាព សន្ដិសុខនៅលើឧបទ្វីបកូរ៉េកំពុងកើន កម្តៅ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ខិត្តប័ណ្ណប្រហែលជា៨០០សន្លឹក ត្រូវបានរកឃើញនៅជិតអាផាតមេន មួយកន្លែងនៅសួនឧស្សាហកម្មទីក្រុងអុីឈុន តំបន់ភាគខាងលិចទីក្រុងសេអ៊ូល កាល ពីថ្ងៃចន្ទកន្លងទៅនេះ នៅម៉ោងប្រហែលជា ១១ និង១០នាទីយប់ ដោយនៅក្នុងខិត្ត ប័ណ្ណនោះ មានសារប្រារព្ធខួបលើកទី ១០៥ របស់អតីតស្ថាបនិករបស់ប្រទេស កូរ៉េខាងជើងលោក គីម អ៊ីលស៊ុង ដែលជាជីតារបស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

អ្នករស់នៅក្នុងអាផាតមេនបានរាយការណ៍ទៅកាន់សមត្ថកិច្ចដោយពួកគេបានប្រាប់ពីចំនួននៃខិត្តប័ណ្ណដែលធ្លាក់ មកពីលើមេឃ បន្ទាប់ពីថ្ងៃសៅរ៍សប្ដាហ៍ មុននេះ ប្រទេសកូរ៉េខាងជើងបានប្រារព្ធ ពិធីខួបលើកទី១០៥ របស់អតីតស្ថាបនិក របស់ខ្លួនលោក គីម អុីលស៊ុង ដោយក្នុងនោះរបបមួយនេះបានប្រារព្ធពិធីព្យុហយាត្រា ដែលទំនងជាមានវត្តមានរបស់គ្រាប់ មីស៊ីលផ្លោងឆ្លងទ្វីប ដែលរបបមួយនេះ ទើបនឹងអភិវឌ្ឍថ្មីៗ ៕ ម៉ែវ សាធី


ចែករំលែក៖