យន្តហោះទម្លាក់គ្រាប់ពីរគ្រឿង ប្រភេទ Tu-95 របស់រុស្ស៊ី ត្រូវបានយន្តហោះចម្បាំង បំបាំងកាយអាមេរិកពីរគ្រឿង ប្រភេទ F-22 Raptor ដែលជាយន្តហោះ ទំនើបបំផុត លើពិភពលោក បានទៅរារាំងយន្តហោះ រុស្ស៊ីដែលបានចូលទៅកាន់ដែនអាកាសអន្តរជាតិនៅឆ្នេរសមុទ្រ រដ្ឋ Alaska កាលពីថ្ងៃទី១៧ ខែមេសា ។
ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលយន្តហោះរុស្ស៊ី បានចូលក្នុងដែនអាកាស ស្ថិតក្រោមការការពាររបស់អាមេរិក។ ព័ត៌មានខាងលើ ត្រូវបានមន្ទីរបញ្ចកោណ អាមេរិកប្រកាស ឲ្យដឹងនៅថ្ងៃទី១៨ ខែមេសា ។
មន្ត្រីយោធាអាមេរិកមួយរូប ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កម្លាំងទាហាន អាមេរិក បានបំពេញការងារយ៉ាងល្អ ដើម្បីសុវត្ថិភាពរបស់អាមេរិក ។ យន្តហោះរបស់រុស្ស៊ីបានហោះហើរចម្ងាយពីកោះ Kodiak ប្រមាន១៦០គីឡូម៉ែត្រ ។ នៅពេលដែលទៅរារាំង កម្លាំងទាហានអាកាសអាមេរិកនិងរុស្ស៊ីមិនបានទំនាក់ទំនងណាមួយគ្នាតាមវិទ្យុទាក់ទងនោះឡើយ។
ហេតុការណ៍ខាងលើ តំណាងរាស្ត្រអាមេរិក មកពីទីក្រុង Illinois លោក Adam Kinzinger បានបញ្ជាក់ថា ទីក្រុងមូស្កូមានចេតនា បង្ហាញ ឥទ្ធិពល យោធារបស់ខ្លួន តាមរយៈការហោះហើរ ចូលទៅកៀកទឹកដីអាមេរិក ក្នុងគោលដៅចង់ដឹងថា តើអាមេរិកមានប្រតិកម្មបែបណា ។
លោក Adam Kinzinger បញ្ជាក់ថា ការដែលរុស្ស៊ីបញ្ជូនយន្តយោះទម្លាក់គ្រាប់ទៅជាប់ព្រំដែនអាមេរិក គឺដើម្បីបង្ហាញពី សមត្ថភាពយោធាឲ្យអាមេរិកបានដឹងថា រុស្ស៊ីមានកម្លាំងខ្លាំងប៉ុនណា ។
ទំនាក់ទំនងរវាងអាមេរិក នឹងរុស្ស៊ី ប្រឈាមមុខតានតឹងដាក់គ្នា ក្រោយពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញបញ្ជាឲ្យបាញ់មីស៊ីល៥៩ដើម ប្រភេទ Tomahawk ទៅលើទីតាំងទាហានអាកាសរបស់ស៊ីរី។ ខុសពីពេលឃោសនាបោះឆ្នោត លោកត្រាំ ដូចជា បង្ហាញពីការមន្ទិលសង្ស័យ ខ្វះទំនុចចិត្តទៅលើទំនាក់ទំនាក់ទំនងជាមួយរុស្ស៊ី។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសនៅក្នុងសន្និសីទការសែតនៅសេតវិមានថា «ចាប់តាំងពីពេលនេះទៅទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីមិនល្អនោះឡើយ ហើយអាចធ្លាក់ចុះក្នុងកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។
ដោយឡែកប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏បានវាយតម្លៃ ពីកម្រិត ជឿជាក់គ្នារវាងទីក្រុងមូស្កូ នឹងវ៉ាស៊ីនតោន បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីប្រធានាធិបតីត្រាំ ឡើងកាន់តំណែង ៕ ម៉ែវ សាធី