ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តាយផ្លូវលេខ១៥៣ A ចំណុចមុខសាលាបុណ្យជារៅ ស្ថិតនៅក្នុងភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ១.ឈ្មោះជិន សុវណ្ណ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅ ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀររងរបួសបាក់ជើងខ្ទេច និងបែកក្បាល ស្លាប់នៅនឹងកន្លែងកើតហេតុជិះម៉ូតូហុងដាសេ១១០ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១B-៦៩៥២ ។ ២.ឈ្មោះ បូ វ៉ាន់ រងរបួសធ្ងន់ ជិះម៉ូតូម៉ាកសេ១២៥ ឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ឆ្នាំង១C-៤៨១៤ត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ម៉ូតូទាំង២គ្រឿងបានបើកក្នុងល្បឿនលឿន ក្នុងទិសដៅស្របគ្នា ពីកើត ទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុបានកៀរគ្នាពេញទំហឹង បណ្តាលឲ្យដួលលើគ្នា ហើយគៀបបុរសជិន សុវណ្ណ បាក់ជើង និងដួលបោកក្បាលនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឡែជនរងគ្រោះម្នាក់ទៀត បានដួលបោកនិងថ្នល់រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យដឹងយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុ មធ្យោបាយបង្កទាំង២ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា