ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ដែលមានមុខរបរជាអ្នកនេសាទដាក់មង ចងសន្ទួចជាលក្ខណៈគ្រួសារដើម្បីលក់យកប្រាក់ចិញ្ច្ឹមជិវិត តែអកុសលសង្ស័យខ្យល់.គធ្លាក់ពីលើទូកលង់ទឹកស្លាប់។ ករណីនេះបានកើតឡើងក្នុងចន្លោះម៉ោង៧-៨យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចកោះសំបួរជាប់គ្នានឹងកោះសំពាយ ក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក អុីវ លឿ អធិការរងរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃួន ស៊ុត អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកោះល្ងរ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។
បើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៧ ក្រោយថ្ងៃបុណ្យចូលឆ្នាំ១ថ្ងៃ ជនរងគ្រោះបានចេញទូកទៅនេសាទដាក់មងដូចសព្វមួយដង ប៉ុន្តែរហូតដល់ម៉ោង៩-១០យប់ថ្ងៃដដែលមិនឃើញប្តីត្រឡប់មកផ្ទះ។ ដោយមានការសង្ស័យគាត់(ប្រពន្ធ)បានទៅរាយការណ៍ទៅឲ្យនគរបាលប៉ុស្តិ៍ឃុំព្រះរំកិលបានដឹង ហើយពេលនោះសមត្ថកិច្ចក៏បានចេញទូកតាមរកប្តីរបស់គាត់រហូតដល់ម៉ោងជា៣យប់ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ទើបបានប្រទះឃើញសាកសពប្តីរបស់គាត់តែម្តង។
បើតាមក្រុមគ្រួសារជនរងគ្រោះបញ្ជាក់ឲ្យដឹងដែរថា ជនរងគ្រោះមួយរយៈចុងក្រោយនេះគាត់ឧស្សាហ៏ត្អូញប្រាប់ថា ចេះតែវិលមុខ និងម្យ៉ាងទៀតនៅក្រោយបុណ្យចូលឆ្នាំ១ថ្ងៃ ជនរងគ្រោះក៏បានចូលរួមសប្បាយផឹកសុីជាមួយបងប្អូន និងអ្នកភូមិ អាចមិនទាន់អស់អំណាចស្រា ហើយពេលទៅដាក់មងក៏ខ្យល់.គធ្លាក់ពីលើទូកលង់ទឹកស្លាប់បែបនេះទៅ។
បើផ្អែកតាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសពជនរងគ្រោះពុំមានស្លាកស្នាមណាមួយសង្ស័យពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ហើយក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ មាស សុផាត