ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកបុករបាំងថ្មពុះចែកទ្រូវផ្លូវ រងការខូចខាតរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបែកកង់មុខខាងឆ្វេង និងកាឡេទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ២០ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបទួលទំពូង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តៃកុងរថយន្តត្រូវបានស្គាល់ឈ្មោះ​ ហូវ​ គឹមឈូង ភេទប្រុស ស្នាក់នៅម្ដុំសំណង់១២ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់ទាំងស្រវឹងរបស់បុរសអ្នកបើកបរបានឲ្យដឹងថា រូបគេបានចេញមកពីផឹកសុីជាមួយមិត្តភក្តិនៅហាងមួយកន្លែងនៅម្ដុំបឹងត្របែក រួចបានបើករថយន្តម៉ាកវីសស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q.2894 តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច បំណងត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ហើយរបាំងថ្មរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបែកកង់មុខខាងឆ្វេង និងដាច់កាឡេទៅមុខលែងរួចរងកាខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់វាស់វែងយករថយន្ត និងអ្នកបើកបរទៅអធិការខណ្ឌចំការមនរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖