ខេត្តសៀមរាប៖ កម្លាំងការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាបសហការជាមួយ កម្លាំងនគរបាលមូលដ្ឋានបានតាមឃាត់ ខ្លួនបុរសជាជនបរទេសម្នាក់បន្ទាប់ពីទទួលបានព័ត៌មានថា ជនសង្ស័យរូបនេះបាន ល្បួងក្មេងប្រុសជាច្រើននាក់ឱ្យឈរថតស្រាត ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ(ជនបរទេស)នេះបានធ្វើឡើងចាប់ពីវេលា ម៉ោង៩ព្រឹកក្នុងភូមិអារញ្ញសាគរ សង្កាត់-ក្រុង សៀមរាបរហូតដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ទើបចាប់ខ្លួន បានក្នុងសណ្ឋាគារញូវរីវើរសាយក្នុងភូមិ ជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តតាមទូរស័ព្ទ នៅវេលាម៉ោង៥និង៤២នាទីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ថា ជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះ Saraot Evrard Nicoias ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិហុល្លង់ ជាភ្ញៀវទេសចរ។ ជនបរទេសរូបនេះបានចូលមកខេត្តសៀមរាបស្នាក់នៅជាមួយអ្នកភូមិ។ បន្ទាប់មកបានចូលមកក្រុងសៀមរាបដោយស្នាក់នៅក្នុងសណ្ឋាគារញូវរីវើរសាយ ក្នុងបន្ទប់លេខ ២០២ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលា កំរើក ក្រុងសៀមរាប ។
លោកស្រីបន្ថែមថា មុនថ្ងៃកើតហេតុ ប៉ុន្មានថ្ងៃ ជនខាងលើបានទៅភូមិអារញ្ញ សាគរកន្លែងកើតហេតុ ហើយបានល្បួង ក្មេងប្រុសជាច្រើននាក់ដែលមានអាយុ ចាប់ពី១៥ឆ្នាំចុះក្រោមឲ្យឈរស្រាតហើយ ថតរូបដែលពេលខ្លះថតរួមគ្នានិងពេលខ្លះថតរូបម្នាក់ម្តង។ ពេលដែលជនសង្ស័យខាងលើធ្វើសកម្មភាពបែបនេះអ្នកភូមិនៅទីនោះឃើញក៏បានរាយការណ៍ប្រាប់សមត្ថ កិច្ច ហើយភ្លាមៗនោះតំណាងអយ្យការ អមសាលាដំបូងខេត្តក៏បានសម្របសម្រួលឲ្យកម្លាំងរបស់លោកស្រីតាមស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យខាងលើយកមក សាកសួរពីហេតុផលនិងមានគោលបំណង អ្វីដែលជនបរទេសខាងលើបានធ្វើសកម្មភាពទៅលើក្មេងប្រុសទាំងនោះ ។
មុនពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុជនសង្ស័យបានជិះកង់គេចខ្លួនមកស្នាក់នៅក្នុងសណ្ឋាគារញូវរីវើរសាយក្នុងបន្ទប់លេខ២០២ តែដោយមានការសហ ការល្អពីម្ចាស់សណ្ឋាគារសមត្ថកិច្ចបានចូល ទៅនាំខ្លួនជនខាងលើចេញមកខាងក្រៅសណ្ឋាគារ។ ក្នុងពេលឃាត់ខ្លួនជនបរ ទេសរូបនេះបានប្រាប់ថា លិខិតឆ្លងដែន របស់គេបានផ្ញើទុកជាមួយអ្នកភូមិឯស្រុកអង្គរក្រៅ ហើយពេលឃាត់ខ្លួនសមត្ថកិច្ចបានឆែករកឃើញមានម៉ាស៊ីនថតរូប និង ឧបករណ៍ផ្សេងៗមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ (ជនបរទេស)រូបនេះត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្តសាកសួរដើម្បីរៀបចំកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី