ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករ និងអភិបាលខណ្ឌមានជ័យសួរសុខទុក្ខភរិយាលោក រិន សាវ៉េត ដែលឈឺធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាពជំងឺមហារីកសុដន់របស់ភរិយាតារាចម្រៀង រិន សាវ៉េត នៅមិនទាន់បានធូរស្រាលនៅឡើយ គ្រាដែលសភាពជំងឺបានរីករាលដាលដល់សួត និងខួរក្បាល។ ស្ថិតក្នុងស្ថានភាពលំបាកនេះដែរគេបានឃើញវត្តមានសិល្បករ និងអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី បានចុះទៅសាកសួរសុខទុក្ខដោយផ្ទាល់និងប្រគល់ជូនថវិកាមួយចំនួនដើម្បីឲ្យលោក រិន សាវ៉េត ដោះស្រាយបញ្ហាចំពោះមុខ ។

ការចុះជួប និងសាកសួរសុខទុក្ខផ្ទាល់ពីសិល្បករ និងមន្ត្រីសាលារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ មេសា ឆ្នាំ២០១៧ ។ សិល្បករដែលបានចូលរួមសួរសុខទុក្ខផ្ទាល់នៅពេលនោះ មានដូចជាអតីតតារាកំប្លែង នាយ ឃ្លោក ប្រធានក្រុមហ៊ុនអ៊ីវ៉ូ លោកអ៊ឹម ជីវ៉ា លោក ប៊ី លីហួរ លោកស្រី សុខាជាដើម។

លោក រិន សាវ៉េតបញ្ជាក់ថា ស្ថានភាពជំងឺរបស់ភរិយា ហាក់មិនមានការប្រសើរខ្លាំងនៅឡើយ ។ ទោះបីជាយ៉ាងណា លោករិន សាវ៉េតបញ្ជាក់ថា លោកសម្រេចចិត្តមិនយកភរិយាចេញទៅពេទ្យក្រៅប្រទេសនោះទេ ដោយទុកជូនក្រុមលោកគ្រូពេទ្យខ្មែរ នៃពេទ្យរូស្ស៊ីជាអ្នកព្យាបាល ដែលមានជំនាញហើយកន្លងមក គឺបានជួយព្យាបាលប្រពន្ឋរបស់លោកយ៉ាងយកចិត្តទុកដាក់បំផុតដែលនេះជាកាយវិការល្អនិងជាគុណធម៌ប្រពៃមួយផងដែរ ។ លោកថាប្រពន្ឋលោកកម្លាំងខ្សោយណាស់ទៅព្យាបាលស្រុកគេមិនបាននោះទេ ផ្លូវវែងឆ្ងាយលោកមានតែពេទ្យខ្មែរយើងប៉ុណ្ណោះ ។ ការព្យាបាលមួយរយៈនេះខាងមន្ទីរពេទ្យគេជួយខាងកន្លែងស្នាក់នៅមិនបង់ប្រាក់បូករួមថ្នាំខ្លះគេជួយហើយថ្នាំខ្លះយើងក៏ត្រូវទិញដោយខ្លួនឯង ដែលនេះចាត់ទុកថា ជួយយើងច្រើនដែរ។

តាមការបញ្ជាក់ពីលោករិន សាវ៉េត បានឲ្យដឹងថា ភរិយាដោយដំបូងឡើយអាការមិនសូវជាធ្ងន់ឡើយ ប៉ុន្តែក្រោយបានចាក់ថ្នាំគីមីបន្ថែមដើម្បីសម្លាប់មេរោគមហារីក ដែលមានពីមុនមកជំងឺកាន់តែធ្វើទុក្ខឡើងៗ ។ លោកថា មិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់១មុខឡើយ ភរិយារបស់លោកត្រូវបានមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើម ក៏មានដែរ ។ លោកបានរៀបរាប់បន្តថាភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាលក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ ។

បន្ទាប់មក គ្រូពេទ្យបានយកទៅស្គែនមើលក្បាល ក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត ។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាល ក៏នាំឲ្យហត់គ្រូពេទ្យពិនិត្យសួតមើលឃើញមានមហារីកនៅត្រង់សួតទៀត ។ លោកថាពេលនេះមានតែពឹងលើពេទ្យទេលោកគ្មានអ្វីជួយបានក្រៅតែពីកម្លាំងកាយចិត្តនៅក្បែរគាត់ទោះហត់នឿយយូរបែបណា ក៏លោកនៅតែក្រាញននៀលស៊ូជាមួយភរិយាជានិច្ច។

តារាកំប្លែងនាយ ឃ្លោក ដែលឆ្លៀតពេលមកសួរសុខទុក្ខក្នុងនាមជាអ្នករៀមច្បងសិល្បៈបានឲ្យដឹងថាលោកបានមកសួរសុខទុក្ខប្រពន្ឋលោករិន សាវ៉េត ជាមួយលោកអភិបានខណ្ឌមានជ័យ ដែលតែងតែជួយសង្គមច្រើនមិនថាតែផ្នែកសិល្បៈឡើយ ។ លោកថា មានតែការសួរសុខទុក្ខ និងពិតជាបារម្ភណាស់ចំពោះស្ថានភាពជំងឺប្រពន្ឋលោក សាវ៉េត ដែលស្ថិតក្នុងដំណាក់កាលមួយមិនសូវអំណោយផលឡើយ ។ គ្មានអ្នកណាមួយចង់លំបាកឡើយ និងគ្មានអ្វីជាអមតៈដែរ មានតែអំពើល្អប៉ុណ្ណោះ ដែលស្តែងឲ្យឃើញពីតម្លៃរបស់មនុស្ស៕ វឌ្ឍនា



ចែករំលែក៖