ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកផ្តល់ថវិកាជាង១០០លានដុល្លារដើម្បីលើកកម្ពស់គុណភាពអប់រំ

ចែករំលែក៖

ភ្នំពេញ៖ ធនាគារពិភពលោកសម្រេច ទម្លាក់កញ្ចប់ថវិកាជាង១០០លានដុល្លារ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅ កម្ពុជាក្នុងគោលដៅអភិវឌ្ឍន៍ធនធាន មនុស្ស បម្រើដល់វិស័យវិទ្យាសាស្ត្រសង្គម។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកដែលចុះផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គម្រោង នេះមានគោលបំណងពង្រឹងការគ្រប់គ្រង របស់សាលា និងលើកកម្ពស់គុណភាពគ្រូបង្រៀននៅកម្រិតអនុវិទ្យាល័យ ពិសេស លើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរសាស្រ្តខ្មែរ និងប្រវត្តិវិទ្យា។ គម្រោងលើកកម្ពស់ការអប់រំអនុវិទ្យាល័យនេះមានរយៈពេល៥ឆ្នាំ ហើយផ្តោតលើ ថ្នាក់ទី៧ដល់ទី៩នៅទូទាំងប្រទេសដែលមានទឹកប្រាក់ប្រមាណ៤០លានដុល្លារ ផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិជាភ្នាក់ងាររបស់ធនាគារពិភពលោកសម្រាប់ ជួយប្រទេសក្រីក្រ ។

លោកស្រី អុីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពសមស្របរបស់ នាយកសាលា និងសាលារៀនដោយស្ថាបនា ឡើងវិញនូវអនុវិទ្យាល័យចំនួន១០០ និង សាងសង់ថ្មីចំនួន៣០ដោយបានផ្តល់ផល ប្រយោជន៍ដល់សិស្សានុសិស្សជាង ១៦.០០០នាក់ គ្រូជាង២​.២០០នាក់ នាយកនិងនាយករងអនុវិទ្យាល័យ៣១០ នាក់ និងមន្រ្តីនៅអនុវិទ្យាល័យ ព្រមទាំង មន្រ្តីមន្ទីរអប់រំខេត្តនិងការិយាល័យអប់រំស្រុកចំនួន១.៥០០នាក់។

លោកស្រីបញ្ជាក់ថា ការអនុម័តថវិកា១០០លានដុល្លារអាមេរិករបស់ធនាគារ ពិភពលោកក៏បានជួយទៅដល់ការស្ថាបនា ផ្លូវជនបទឱ្យមានទំនាក់ទំនងប្រសើរ និង ធន់នឹងឥទ្ធិពលពីអាកាសធាតុអាក្រក់ផងដែរ ។

លោកស្រីបន្តថា ជាគម្រោងនឹងត្រូវ ស្ថាបនាឡើងវិញចំពោះផ្លូវជនបទប្រវែង ២៥០គីឡូម៉ែត្រ ក្នុងខេត្តចំនួន៦តាមដង ទន្លេមេគង្គ និងទន្លេសាប ហើយវានឹងផ្តល់ ប្រយោជន៍ដល់ប្រជាជនប្រមាណ៣,៥ លាននាក់ក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ ចាម ត្បូងឃ្មុំ សៀមរាប និងខេត្តកណ្តាល រួមទាំងប្រជាជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវទាំងនេះ ។

ជាមួយគ្នានេះគម្រោងនឹងស្ថាបនាផ្លូវដែលអាចធន់នឹងទឹកជំនន់ដែលអាច បញ្ចៀសការចំណាយខ្ពស់លើការសាង សង់ដដែលៗ។

ប្រព័ន្ធគ្រប់គ្រងផ្លូវថ្នល់និងយុទ្ធសាស្រ្ត នានានឹងត្រូវពង្រឹងដើម្បីគាំទ្រដល់កម្ពុជា លើផែនការធន់នឹងអាកាសធាតុ ការអនុវត្ត និងការតាមដានផ្លូវជនបទ ។

លោកស្រីបានអះអាងថា ការធ្វើឱ្យ ប្រសើរឡើងនូវផ្លូវជនបទគឺជាស្នូលនៃការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដោយសារថា ប្រជាជន៧៩ភាគរយនិងប្រជាជន ក្រីក្រ៩១ភាគរយនៃប្រជាជនកម្ពុជាទាំង អស់រស់នៅជនបទ។ បន្ថែមជាងនេះទៀត ផ្លូវជនបទប្រសើរ និងធន់នឹងឥទ្ធិពលអាកាស ធាតុអាក្រក់នឹងជួយសិស្សបានទៅសាលា គ្រួសារបានទៅមណ្ឌលសុខភាពហើយ កសិករទូទាំងប្រទេសអាចនាំផលិតផល របស់ខ្លូនទៅលក់នៅទីផ្សារបាន។

លោក វង្សី វិស្សុត រដ្ឋលេខាធិកាក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្វាគមន៍ចំពោះ ការគាំទ្ររបស់ធនាគារពិភពលោកក្នុង វិស័យអប់រំ និងដឹកជញ្ជូនដែលវិស័យនេះ ស្របទៅនឹងអាទិភាពនៃផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨។ លោករដ្ឋលេខាធិការបានបន្តថា គម្រោង នេះនឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូនជាពិសេសការពង្រីកនៃការទទួលបានសេវានិងទីផ្សារនៅតំបន់ជនបទ ។

សូមបញ្ជាក់ថា គម្រោងផ្តល់ជំនួយរបស់ ធនាគារពិភពលោកដើម្បីលើកកម្ពស់ គុណភាពអប់រំ និងវិស័យ ដឹកជញ្ជូននៅក្នុង ប្រទេសកម្ពុជាស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើការកែទម្រង់គុណភាពអប់រំ និងធ្វើការស្តារប្រព័ន្ធគមនាគមន៍នានានៅជនបទដើម្បីជំរុញកំណើនសេដ្ឋកិច្ច ៕ ហេង សូរិយា


ចែករំលែក៖