ព័ត៌មានទាន់ហេតុការណ៍៖

សុំម្តាយទៅលេងផ្ទះគូដណ្តឹងបាត់ដំណឹងឈឹងម្តាយរត់ទៅប្តឹងនគរបាលឲ្យជួយរក

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានកាន់រូបថតកូន ស្រីទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌ ពោធិ៍សែនជ័យបន្ទាប់ពីបាត់កូនស្រីអស់ រយៈពេល១០ថ្ងៃពេលដែលកូនស្រីសុំរូបគាត់ទៅលេងផ្ទះគូដណ្តឹងតែបែរជាបាត់ រហូតទូរស័ព្ទក៏មិនចូល។ ចំណែកគាត់ជាម្តាយមិនបានស្គាល់ផ្ទះសម្បែងអនាគតកូន ប្រសាថែមទៀតទើបធ្វើឲ្យគាត់មានការ ព្រួយបារម្ភសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៧ ។

កូនស្រីក្រមុំដែលកំពុងបាត់ខ្លួននោះឈ្មោះ អ៊ន ស្រីចម អាយុ១៨ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ។ ចំណែកស្រ្តីជាម្ដាយដែលកំពុងតាមរកកូននោះឈ្មោះ ម៉ា ចាន់ អាយុ៤៣ឆ្នាំ មានមុខរបរជាកម្ម ការិនីងរោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិខ្នាច ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្នាក់នៅផ្ទះជួលម្ដុំភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ។ ដោយឡែកគូដណ្ដឹងកូនស្រី និងជា អនាគតកូនប្រសាគាត់នោះឈ្មោះ ពិសិដ្ឋ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្ត ព្រៃវែង ។

ស្រ្តីជាម្ដាយបាននិយាយថា កូនស្រីគាត់ បានភ្ជាប់ពាក្យជាមួយយុវជនឈ្មោះពិសិដ្ឋនោះដោយមានចាស់ទុំចូលស្ដីដណ្ដឹងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរត្រឹមត្រូវកាលពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៦កន្លង ទៅនេះនៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅដោយមិនបានទៅធ្វើនៅឯស្រុកកំណើតនោះឡើយ ។

ពេលនោះខាងប្រុសបានព្រមជូនថ្លៃទឹកដោះចំនួន១.៥០០ដុល្លារ និងបានកំណត់យកថ្ងៃរៀបអាពាហ៍ពិពាហ៍នៅក្នុងខែសីហា ឆ្នាំ២០១៧ គឺរយៈ៤ខែខាងមុខនេះហើយចាប់តាំងពីពេលនោះមកគាត់មិនដែលបាន ស្គាល់ស្រុកកំណើតខាងអនាគតកូនប្រសានោះដែរគ្រាន់តែដឹងថា គេមានស្រុកកំណើត នៅក្នុងខេត្តព្រៃវែងប៉ុណ្ណោះ។ ដូច្នេះហើយទើបពេលបាត់កូនស្រីគាត់មិនអាចទៅតាម រកឃើញគួបផ្សំកូនស្រីទៅលេងនៅទីនោះច្រើនថ្ងៃ និងបិទទូស័ព្ទមិនអាចទាក់ទង បានទៀត ។

ស្ត្រីជាម្តាយបានបន្តថា កូនស្រីគាត់បាន សុំទៅលេងស្រុកកំណើតរបស់គូដណ្ដឹង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ដោយ នាងបានប្រាប់គាត់ថានឹងវិលត្រឡប់ទៅផ្ទះ វិញឲ្យទាន់ថ្ងៃចូលឆ្នាំខ្មែរ ប៉ុន្តែក៏បាត់រហូត ដល់ថ្ងៃទី១៦ ខែមេសា ទើបគាត់ទូរស័ព្ទទៅ សួរកូនស្រីថា តើកូនត្រឡប់មកផ្ទះវិញថ្ងៃ ណា? ព្រោះត្រូវចូលធ្វើការវិញនៅ ថ្ងៃទី ១៨ ខែមេសាហើយ។ ពេលនោះកូនស្រី បានប្រាប់គាត់ថា «ម៉ែខ្ញុំដឹងហើយតែថ្ងៃទី ១៧ ខែមេសាទើបខ្ញុំបានទៅវិញ ព្រោះ ពេលនេះអត់មានរថយន្តឈ្នួលជិះទៅ ទេ»។ ចាប់ពីពេលនោះមកក៏ដាច់ការទាក់ទងរហូតដោយទូរស័ព្ទរបស់នាងលែងចូល រហូតតែម្ដង។ ទាំងនេះជាហេតុធ្វើឲ្យគាត់ព្រួយបារម្ភខ្លាំងណាស់បើកូនបានសុខគាត់ ត្រេកអរ ប៉ុន្តែខ្លាចកូនមានគ្រោះថ្នាក់ដល់ស្លាប់។ ដោយបាត់ដំណឹងយូរយ៉ាងនេះទើប គាត់សម្រេចចិត្តធ្វើដំណើរមកកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅដើម្បីសុំឲ្យនគរ បាលជួយធ្វើអន្តរាគមន៍ ៕ សុខាសែនជ័យ


ចែករំលែក៖