ព័ត៌មានទាន់ហេតុការណ៍៖

កាំកុងត្រូលខេត្តពោធិ៍សាត់រកឃើញភេសជ្ជៈខូចគុណភាពជិត២០០គីឡូក្រាមលក់នៅផ្សារក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រុមមន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យរកទំនិញខូចគុណភាព នៅផ្សារ ក្រវាញ ស្ថិតនៅឃុំលាជ ស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់ ដោយបានរកឃើញភេសជ្ជៈ និងទំនិញខូចគុណភាព១៩៦គីឡូក្រាម និងបានដកហូតយកទៅកម្ទេចចោល ផងដែរ ។

លោក តូច ចៅកុយ ប្រធានសាខាខេត្ត ពោធិ៍សាត់បានឲ្យដឹងថា ការចុះត្រួតពិនិត្យ ខាងលើនេះ មន្រ្តីរបស់លោកបានណែនាំដល់អាជីវករឲ្យចៀសវាងការប្រើប្រាស់ សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវាងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងក្រពឹតប៉ោង ច្រែះស៊ី និងទំនិញដែលមានសារធាតុគីមីហាម ឃាត់ ។

លោក តូច ចៅកុយ បន្ទាប់ពីការចុះត្រួតពិនិត្យនៅផ្សារក្រវាញរួចមក ក្រុមការងារ របស់លោកបានរកឃើញភេសជ្ជៈសាមូរ៉ៃ ២៤យួរទឹកក្រូចហ្វាន់តា ៤កំប៉ុង និង ទំនិញផ្សេងៗទៀត សរុបជាទម្ងន់១៩៦ គីឡូក្រាម។ ទំនិញខូចគុណភាពទាំងនេះ ក្រុមការងារបានយកទៅរក្សាទុក រង់ចាំធ្វើ ការកម្ទេចចោលនៅថ្ងៃក្រោយ ។

ក្រុមកាងារក៏បានចែក និងបិទផ្សាយរូប ភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងពីផលវិបាកដែលបណ្តាលមកពីការ បរិភោគអាហារហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោក តូច ចៅកុយ បានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូលតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាពចំណីអាហារដល់ ប្រជាពលរដ្ឋ ៕ ហេង នរិន្រ្ទ


ចែករំលែក៖