ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីកំលាំងចម្រុះចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោគ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន និងត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ស្រាប់តែឆែកឆេរឃើញថ្នាំញៀនមួយចំនួនផងដែរ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ គោលដៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាជនសង្ស័យមានឈ្មោះង្វៀង ខិនយ៉េ ភេទប្រុស អាយុ23ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅភូមិអូ 7 ឃុំធីចឹង ស្រុកកូយូវ ខេត្តតៃនិញ និងឈ្មោះ វឹង យាំងយ៉ុង ភេទប្រុស អាយុ48ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅភូមិវ៉ាងហាយ ឃុំភឿកលូ ស្រុកត្រាងបាំង ខេត្តតៃនិញ ប្រទេសវៀតណាម ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន03កញ្ចប់ (ធំ1 តូចចំនួន02កញ្ចប់) និងសម្ភារសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ម៉ូតូ01គ្រឿង, ទូសរព្ទ័ដៃចំនួន02គ្រឿង ហើយនិងធ្វើតេស្តិ៍ទឹកនោមមានសារធាតុញៀងទាំង២នាក់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖