ប្រទេសថៃ៖ តាមកាសែតថៃបានចេញផ្សាយថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានករណីចាក់សម្លាប់ស្ត្រីថៃវ័យ៤៧ឆ្នាំ ម្នាក់នៅភូមិខ្លងនឹង ហៅប្រាក់ប៊ីនចិត ស្រុកខ្លងលួង ខេត្តប៉ាធុមថានី បណ្តាលឱ្យស្រ្តីរងគ្រោះជាថៅកែស្លាប់នៅក្នុងផ្ទះ។
ស្ដ្រីរងគ្រោះឈ្មោះ ផន ្រផាន់ សែនប្រាក់សិទ្ធ ហៅចែស៊ុម អាយុ៤៧ឆ្នាំ ជាថៅកែលក់បន្លែធំមួយនៅផ្សារថៃ ត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិត ត្រូវដើមទ្រូងនិងបំពង់ក។ រីឯជនសង្ស័យឈ្មោះ ធី អាយុ៣២ឆ្នាំ ជាជនជាតិខ្មែរ និងជាកូនឈ្នួលរបស់ស្រ្តីរងគ្រោះ។
តាមកាសែតថៃបានផ្សាយថា មុនកើតហេតុប្រមាណ២-៣ថ្ងៃ ថៅកែស្រីនេះបានបណ្តេញជនសង្ស័យចេញពីការងារ ដោយសារមានអ្នកជិតខាងប្រាប់ថា ជនសង្ស័យរូបនេះជាជនញៀនថ្នាំមិនអាចទុកឲ្យធ្វើការបន្តទៅទៀតបានទេ ក្រែងលោមានបញ្ហានៅថ្ងៃក្រោយ ទើបមានការសម្រេចចិត្តពីស្រ្តីរងគ្រោះបណ្តេញជនសង្ស័យចេញ។
ស្រាប់តែនៅថ្ងៃកើតហេតុ ថ្ងៃទី២៣ ខែមេសា ជនសង្ស័យឈ្មោះ ធី បានលោតផ្លោះរបងផ្ទះរបស់ថៅកែស្រី ហើយចូលទៅសម្ងំក្នុងផ្ទះចាំ ថៅកែស្រីត្រឡប់មកពីផ្សារវិញដើម្បីសម្លាប់។ ហើយការរង់ចាំនោះក៏ចំពេលស្ងាត់ ព្រោះគ្រប់គ្នាគេចេញទៅធ្វើការបាត់អស់រហូតល្ងាចទើបត្រឡប់មកផ្ទះវិញ ។ ជាឱកាសល្អដល់ជនសង្ស័យដែលឃើញថៅកែស្រីនៅផ្ទះម្នាក់ឯង ក៏ធ្វើសកម្មភាពចាក់សម្លាប់តែម្តង។
ពេលកំពុងធ្វើសកម្មភាពសម្លាប់ស្ត្រីរងគ្រោះ ពេលនោះកូនស្រីរបស់ស្ដ្រីរងគ្រោះបានទូរស័ព្ទមកម្តាយក៏បានលឺសំឡេងម្តាយនិយាយថា «កុំធ្វើស្អីអញ កុំធ្វើស្អីអញ» តែពីរម៉ាត់ប៉ុណ្ណោះ ក៏ស្ងាត់បាត់មាត់ម្តាយទៅ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនដោយមានបំណងធ្វើដំណើរវិលត្រឡប់មកស្រុកខ្មែរវិញ តែត្រូវបានសមត្ថកិច្ចថៃបង្ហាញរូបថតជាសាធារណៈ ឱ្យតាមចាប់ជនសង្ស័យរូបនេះគ្រប់ច្រកល្ហក ពិសេសនៅតាមច្រកព្រំដែនខ្មែរ-ថៃ ទើបឈានដល់ការចាប់ខ្លួនបាននៅខេត្តស្រះកែវ តំបន់ខ្លងលឹកនាវេលាម៉ោងជា៩យប់ ថ្ងៃទី២៣ ខែមេសា ពេលដែលជនសង្ស័យមកដល់ព្រំដែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់នៅក្នុងប្រទេសថៃឲ្យជាប់ពន្ធនាគាអស់ុមួយជីវិត៕ សហការី