ខ្សែបម្រើប្រយុទ្ធ N’Golo Kante មកពីក្លិបតោខៀវ Chelsea បានឈ្នះពានជាកីឡាករលេងល្អបំផុតប្រចាំរដូវកាលឆ្នាំ២០១៦-២០១៧ ក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League បន្ទាប់ពីត្រូវ បានបោះឆ្នោតឈ្នះដាច់គូប្រជែងមាន កីឡាករ Eden Hazard, Harry Kane, Romelu Lukaku, Zlatan Ibrahimovic និង Alexis Sanchez កាលពីថ្ងៃទី២៤ ខែមេសា។
អតីតកីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លិប Leicester City និងជាក្រុមជម្រើសជាតិមាន់គកបារាំងខាងលើនេះ បានឈ្នះពាន PFA Player of the Year ជាលើកទី១របស់ខ្លួន បន្ទាប់បំពេញតួនាទីបានយ៉ាងល្អសម្រាប់១រដូវកាលដំបូងនៅក្នុងក្លិប Chelsea ដែលទើបនឹងផ្លាស់ចេញពី Leicester City ក្រោយជួយឲ្យក្លិបមួយនេះ ឈ្នះពានជើងឯក Premier League កាលពីរដូវកាលឆ្នាំ២០១៥-២០១៦រួចមក។
ជាមួយគ្នានោះផងដែរខ្សែបម្រើវ័យក្មេងកីឡាករ Dele Alli មកពីក្លិបមាន់ខ្នាយមាស Tottenham Hotspur ក៏បានឈ្នះពានក្នុងនាមជាកីឡាករវ័យក្មេង លេងល្អបំផុតប្រចាំឆ្នាំ២០១៧ផងដែរ បន្ទាប់ពីជួយឲ្យ Tottenham Hotspur ឈរនៅ លេខរៀងទី២រហូតដល់បច្ចុប្បន្ន ។
សូមបញ្ជាក់ថា សម្រាប់រដូវកាល២០១៦-២០១៧ កីឡាករវ័យក្មេង Dele Alli បានជួយឲ្យក្រុម Tottenham Hotspur បង្ហាញភាពល្បីល្បាញនៅអង់គ្លេសដោយរូបគេរកបាន១៦គ្រាប់នៅក្នុងក្លិបសម្រាប់ការផ្លាស់មកពីក្រុម Milton Keynes Donsនៅអង់គ្លេស League 1 ៕ ដេវីត