ព័ត៌មានទាន់ហេតុការណ៍៖

រំលោភបានសម្រេចរត់គេចបាត់៧ឆ្នាំ ត្រឡប់មកវិញនគរបាលចាប់ដដែល

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពចាប់ស្ត្រីម្នាក់រំលោភសេពសន្ថវៈ រហូតបាន​សម្រេចរួចគេច​ខ្លួនចេញពី​លំនៅឋានអស់រយៈពេលជាច្រើនឆ្នាំទើបត្រឡប់មកវិញ ត្រូវសមត្ថកិច្ចនគរ​បាល​ស្រុកកោះធំ​ក្របួចចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូង​ខេត្ត​កណ្តាល ។ ជនត្រូវចោទរូបនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង០៨ និង៣០នាទី​ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនត្រូវចោទដែលត្រូវបានចាប់ខ្លួននោះ​ឈ្មោះ បូ ថូ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦២ ចុះថ្ងៃតី០៨ ខែកុម្ភៈ ឆ្នាំ២០១២ ចុះហត្ថលេខាដោយលោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត​កណ្តាល ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០ ។

ប្រភពដដែលបានបន្តថា ក្រោយពីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឧក្រិដ្ឋទៅលើជន​រងគ្រោះជនខាងលើនេះបានព្យាយាមគេចខ្លួនចេញពីលំនៅឋាន ដោយពុំដឹងថាទៅរស់នៅឯ​ខេត្តណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យភ្នាក់ងាមានសមត្ថកិច្ចចាប់ខ្លួនជន​ត្រូវចោទបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ លុះមកដល់ថ្ងៃទី២៥ សមត្ថកិច្ចនគរបាលស្រុកកោះធំបានប្រទះឃើញជនត្រូវចោទនៅក្នុង​មូលដ្ឋានក៏ធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ៕ស្អាងជ័យ

 


ចែករំលែក៖