ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញក្នុងរោងខាងមុខផ្ទះ បង្កការភ្ញាក់ផ្អើល ខណៈស្មានថាជាករណីឃាតកម្ម ការពិតត្រូវបានគេសង្ស័យជំងឺខ្យល់គរ ព្រោះគេឃើញគាត់ផឹកស្រាស្រវឹងខ្លាំងមុនកើតហេតុ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចអន្សស្តំក្នុងរោងមុខផ្ទះ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ឃៀន ភេទប្រុស អាយុ ៦១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណែក និងភូមិ.ឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូនស្រីប្រុសចំនួន ៣នាក់។
ប្រភពខាងលើបន្តថា មុនដំបូងបង្កការភ្ញាក់ផ្អើលឡើងស្មានជាករណីឃាតកម្ម ខណៈឃើញគាត់ដេកនៅរោងមុខផ្ទះតែម្នាក់ឯង ក្រោយសមត្ថកិច្ចពិនិត្យ និងស្រាវជ្រាវយ៉ាងមកចិត្តដាក់ ជុំវិញកន្លែងកើតហេតុការណ៍នានាខាងលើ ហើយមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធ និងករណីឃាតកម្ម ទើបអាចសន្និដ្ឋានបានថា បណ្ដាលមកពីជំងឺខ្យល់គរ(គាំងបេះដួង) ព្រោះម្យ៉ាងទៀត គាត់ជាអ្នកចូលចិត្តផឹកស្រាជាប្រចាំផងនោះ ហើយមុនពេលកើតហេតុរឿងនេះ គេឃើញគាត់ផឹកស្រាច្រើនលើសមុនៗទៀត ។
ប្រភពដដែលខាងលើបន្តទៀតថា សមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី តាមបញ្ជាលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ៕ ប៉ឹម ពិន