ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានចោទប្រកាន់ក្រុមហ៊ុនអានកូ ថា បានធ្វើឲ្យលំនៅឋានចំនួន២១ខ្នង ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ រងផលប៉ះពាល់ដោយការលិចលង់ទឹក ភ្លៀង ដោយសារក្រុមហ៊ុនមួយនេះមិនបានបើកទ្វារទឹក ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា កាលពីថ្ងៃទី២២ និង២៥ ខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុនអានកូមិនបានបើកទ្វារទឹកតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាន់ពេលវេលាធ្វើឲ្យ ទំនប់ទឹកផ្នែកខាងត្បូងដែលជាប់នឹងភូមិប្រជាពលរដ្ឋនៅចំហ ហើយនៅពេលភ្លៀងម្តងៗទឹកបានហូរហៀរចូលផ្ទះតែម្តង ។
ជុំវិញបញ្ហានេះមន្ត្រីឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់បានអះអាងថា ចំពោះទឹកលិច ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ២១ខ្នងផ្ទះ ប៉ះពាល់ដល់ផ្លូវលំ និងផ្លូវជាតិមួយចំនួន ការប៉ះពាល់ដល់សាលារៀន និងរបងថ្ម១អាជ្ញាធរមូលដ្ឋានបានចុះពិនិត្យភាពជាក់ស្តែង និងធ្វើរបាយការណ៍ជូនថ្នាក់លើរួចហើយ ។ ក្នុងនោះក៏បានសំណូមពរដល់ក្រុម ហ៊ុនជួយដោះស្រាយទាំងទ្វារទឹកនិងលូ ពង្វាងទឹក ប៉ុន្តែក្រុមហ៊ុនមិនទាន់ដោះ ស្រាយរួចរាល់នៅឡើយទេ ។
ជាការឆ្លើយតបភ្លាមៗនាព្រលប់ថ្ងៃ ទី២៥ខែមេសានេះ លោក យន្ត មីន បានដឹកនាំក្រុមការងារចុះទៅសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះនិងបានពិនិត្យជាក់ស្តែងផងដែរ ដើម្បីរកដំណោះស្រាយបន្ទាន់ ជូនប្រជាពលរដ្ឋ ៕ ហេង សូរិយា