ព័ត៌មានទាន់ហេតុការណ៍៖

មេម៉ាយកូន៥រស់ដោយលក់នំគ្រក់ ភ្លៀងខ្យល់រលំផ្ទះសង្កត់កូនបាក់ជើងសុំសប្បុរសជនជួយផង

ចែករំលែក៖

ភ្នំពេញ៖ គ្រោះធម្មជាតិដោយភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បណ្តាលឲ្យបាក់រលំដើមត្នោតមួយដើម សង្កត់ផ្ទះឈើប្រក់ស័ង្កសីមួយខ្នងរបស់ស្រី្តមេម៉ាយកូន៥និង កិនក្មេងប្រុសអាយុ១១ម្នាក់ រងរបួសជើងទាំង២ធ្ងន់ធ្ងរ នៅក្នុងភូមិទី១ ក្រុមទី៣ សង្កាត់- ខណ្ឌជ្រោយចង្វា ហើយ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលត្រូវដើមត្នោតរលំសង្កត់ រងការខូចខាត ទាំងស្រុងនោះ មានទំហំទទឹង៤ ម៉ែត្រ បណ្តោយ៥ម៉ែត្រកម្ពស់២ម៉ែត្រជាកម្មសិទ្ធរបស់ ឈ្មោះ ជុន ស្រីលក្ខណា ហៅ សុខ ជា ភេទស្រីអាយុ ៣០ឆ្នាំ មានមុខរបរចាក់នំគ្រក់លក់ ជាស្ត្រីមេម៉ាយដោយប្តីបានស្លាប់ចោល ២ឆ្នាំមកហើយដោយគ្រោះថ្នាក់ចរាចរណ៍និង មានកូនប្រុសស្រីចំនួន ៥នាក់ ស្រី១នាក់ ប្រុស៤នាក់ នៅក្នុងបន្ទុក។ ចំណែកកូនប្រុសឈ្មោះ ជិន ភារ៉ូត អាយុ ១១ឆ្នាំ មានមុខរបរជាសិស្សថ្នាក់ទី២ រងរបួសជើងទាំងសងខាង កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយសាររលំដើមត្នោតសង្កត់លើ ផ្ទះ បាក ពេលមានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង។

ប្រភពដដែល បានឲ្យដឹងទៀតថា នៅមុនកើតហេតុគេឃើញក្មេងរងគ្រោះ២នាក់បងប្អូន កំពុងដេកនៅលើផ្ទះ និងបងប្អូន ៣នាក់ទៀត ទៅជួយ លក់នំគ្រក់ម្តាយ។ ក្រោយមកមកស្រាប់តែមានមេឃងងឹតខ្មៅ ធ្លាក់ភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់យ៉ាងខ្លាំងបណ្តាលឱ្យបាក់ដើមត្នោតប្រវែងជាង ១០ម៉ែត្រ រលំសង្កត់លើផ្ទះដែលក្មេងរងគ្រោះទាំង ២នាក់បងប្អូនកំពុងដេក រងរបួសធ្ងន់ធ្ងរម្នាក់។បន្ទាប់មកត្រូវបានប្រជាពលរដ្ឋជួយ យករណាមកកាត់ជាកង់ៗរមៀលចេញដើម្បីយកក្មេងរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យគន្ធបុប្ផា ។

ស្រី្តជាម្តាយបានត្អូញត្អែរថា សព្វថ្ងៃគ្រួសារគាត់ក្រីក្រណាស់ដោយគាត់ជាស្រីមេម៉ាយចិញ្ចឹមកូនតូចៗ ដល់ទៅ៥នាក់តាមរយៈលក់នំគ្រក់បានចំណេញតិចតួចគ្រាន់ទិញអង្ករដាំបាយឲ្យកូនហូប ។ លុះពេលឥឡូវ ផ្ទះតូចត្រូវបាក់បែកទៀត តើបានលុយឯណាយកទៅជួសជុលឲ្យកូននៅ ? ដូច្នេះមានតែលើកម្រាម១០សំពះ សប្បុរសជននិងអាជ្ញាធរមូលដ្ឋានមេត្តាជួយគាត់ផង ៕ ប្រាថ្នា


ចែករំលែក៖