ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនប្រធានការិយាល័យប្រតិបត្តិការសាលាស្តេមហ្វត ករណីរំលោភលើទំនុកចិត្តយកលុយជាង២ពាន់ដុល្លារ

ចែករំលែក៖

 
ភ្នំពេញ៖ ព្រោះតែលង់ខ្លួននឹងល្បែងសុីសងចាញ់អស់ពីខ្លួននៅកាសុីណូ ធ្វើឲ្យប្រធានការិយាល័យប្រតិបត្តិការ សាលា ស្តេម ហ្វត ម្នាក់ត្រូវជនរងគ្រោះចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចសាកសួរ ដោយចោទពីបទរំលោភលើទំនុកចិត្ត យកលុយ និងខ្ចីម៉ូតូរបស់មិត្តភក្តិយកទៅបញ្ចាំសរុបទាំងលុយរបស់សាលា និងម៉ូតូ អស់ជាង២០០០ដុល្លារ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ។

ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុម៦ ក្នុងសាលា ស្តេម ហ្វត ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ លី សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរប្រធានការិយាល័យប្រតិបត្តិការសាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ៤៧៣ ផ្លូវលេខ៩៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះទី១ឈ្មោះ ឡូ ដាគុន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជានាយប្រតិបត្តិការសាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ១៤ភូមិឫស្សី សង្កត់ដងោ ខណ្ឌដង្កោ ទី២ឈ្មោះ លន់ បូរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលឹក សាលា ស្តេម ហ្វត ស្នាក់នៅផ្ទះលេខ១១៤ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ឈ្មោះ ផាត់ សំអន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលឹកសាលា ស្តេម ហ្វត ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពពីជនរងគ្រោះឈ្មោះ ឡូ ដាគុន្ធ ជានាយប្រតិបត្តិការ សាលា ស្តេម ហ្វត បានអោយដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១២កន្លះ រូបគាត់បានអោយលុយទៅឈ្មោះ លី សុវណ្ណារិទ្ធ (ជនសង្ស័យ) ចំនួន៨៧៥ដុល្លារ(ប្រាំបីរយចិតសិបប្រាំដុល្លារ) យកទៅដាក់នៅធនាគារ ពេលនោះជនសង្ស័យក៏យកទៅបាត់លុះដល់ថ្ងៃទី២៥ ខែឆ្នាំដដែល ម៉ោងប្រហែល៩ ជនសង្ស័យបានមកសាលាវិញ ហើយបានខ្ចីម៉ូតូរបស់មិត្តភក្តិម្នាក់ឈ្មោះ លន់ បូរីរតនៈ ដែលមានម៉ាកហ្សូមឺ អុិច ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GC2465 ដោយប្រាប់ថា ទៅមើលម្តាយគេឈឺ ពេលនោះ ជនរងគ្រោះ ក៏អោយហើយគេយកទៅបាត់ទៀត លុះដល់ម៉ោង១២និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានមកសាលម្តងទៀតហើយបានប្រាប់ម្ចាស់ម៉ូតូហ្សូ មឺ អុិច ថាម៉ូតូឯកប្អូនខ្ចីជិះសិនហើយ ។ ក្រោយមកគេក៍បានខ្ចីម៉ូតូ១គ្រឿងទៀតពីជនរងគ្រោះឈ្មោះ ផាត់ សំអន ដែលមានម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC8918 ដោយប្រាប់ថា ខ្ចីជិះទៅរកប្អូន ពេលនោះជនរងគ្រោះក៏អោយហើយជនសង្ស័យក៏ជិះចេញទៅបាត់។ លុះដល់វេលាម៉ោង១៥និង០០នាទី ជនសង្ស័យបានមកសាលា ហើយពេលនោះជនរងគ្រោះបាននាំគ្នាសួររកម៉ូតូ តែជនសង្ស័យបានឆ្លើយប្រាប់ថា រូបគេបានយកម៉ូតូទៅបញ្ចាំអស់ហើយៗលុយដែលជនរងគ្រោះអោយយកទៅដាក់នៅធនាគារនោះ ក៍អស់ដែរ ព្រោះរូបគេបានទៅលេងល្បែងសុីសងនៅកាសុីណូចាញ់អស់ហើយ។ លុះដល់ម៉ោងកើតហេតុខាងលើ ទើបជនរងគ្រោះបាននាំខ្លួនជនសង្ស័យមកប្រគល់អោយនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖