ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ដោយពុំមានអ្នកដឹងរហូតដល់ព្រឹកឡើង មិត្តភ័ក្រដាស់ហៅ ដើម្បីទៅធ្វើការស្រាប់តែរឹងស្តូក ស្លាប់បាត់ជីវិត ទើបបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ង៉ាន រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ប៊ីយូធី ស្ត្រីន ស្នាក់នៅបន្ទប់ជួល លេខ៧ ផ្លូវលំ ភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិសំរោងពងទឹក ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
តាមសាច់ញាតិបានឲ្យដឹងថា បងប្អូនគាត់ ចំនួន៣នាក់ដេកស្លាប់ហើយនេះជាប្អូនទី៣ហើយដែលដេកស្លាប់ ។
តាមអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះមិនដែលផឹកសុី ឬពោលពាក្យថា ឈឺនេះឈឺនោះដែរ ស្រាប់តែ ព្រឹកឡើងដាស់ហៅទៅធ្វើការ ស្រាប់តែប្រទះឃើញស្លាប់បាត់តែម្ដង។
សាកសពក្រោយពីនគរបាលពិនិត្យរួច ឃើញថា ស្លាប់ដោយសារ ខ្យល់គ រួចប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈដែលសាច់ញាតិ បងប្អូនក៏មិនប្តឹងផ្តល់អ្វីដែរ ៕ សុខាសែនជ័យ