ខេត្តសៀមរាប៖ បុរសម្នាក់មានជំនាញខាងលួចទូស័ព្ទដៃ នៅក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត ចាប់ឃាត់ខ្លួន បន្ទាប់ម្ចាស់ទូរស័ព្ទប្ដឹងសមត្ថកិច្ច ។ នគរបាលចាប់ឃាត់ខ្លួន រួចកសាងសំណុំរឿង បញ្ជូន ទៅតុលាការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។
តាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យជិះម៉ូតូ ម៉ាកវ៉េវ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 1M7353 ជាមធ្យោបាយ ក្នុងការធ្វើសកម្មភាព លួច ទូរស័ព្ទ នៅហាងដារ៉ា ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីពេលកន្លងមក ។ លុះមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ម៉ោង៨និង០០នាទី ធ្វើសកម្មភាព លួចទូស័ព្ទម៉ាកសាំស៊ុង A9 មួយគ្រឿង នៅហាងលីកា នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក៏ត្រូវអស់លក្ខណ៍តែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះគង់ សុចិត្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល ដកហូតវត្ថុតាង ទូរស័ព្ទ២គ្រឿង ប្រគល់ឲ្យម្ចាស់ដើមវិញ ៕ ប៊ុន រិទ្ធី