ខេត្តប៉ៃលិន ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍ ពីសាលាដំបូងខេត្តប៉ៃលិន បានឲ្យដឹងថា៖ អយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក តូច សុភក្តី និងលោក ប្រធានសាលាដំបូងខេត្តប៉ៃលិន បានចេញលិខិតបង្គាប់ឲ្យដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក សេង គឹមឡាក់ អតីតព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីពួកគេបានចាប់បង្ខាំង និង ឃុំឃាំងមនុស្ស (ជនជាតិថៃ) ខុសច្បាប់ កាលពីឆ្នាំ២០១៦ កន្លងទៅ ។
ហេតុការណ៍បញ្ជាឲ្យដោះលែងជនសង្ស័យខាងលើ បានធ្វើឡើងកាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ តែទើបបែកធ្លាយឲ្យដឹងដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។
តាមប្រភពព័ត៌មានពីមន្ត្រីពន្ធនាគាខេត្តប៉ៃលិន បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ថា៖ មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៧ តុលាការខេត្តប៉ៃលិន បានដោះលែងជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ឲ្យរួចទោស ដែលនៅក្នុងលិខិតបង្កាប់ឲ្យដោះលែងនោះ មានចុះហត្ថលេខា និងបោះត្រាដោយលោក ប្រធានសាលាដំបូងខេត្តប៉ៃលិន និងលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដែលទើបមកកាន់តំណែងជាព្រះរាជអាជ្ញាខេត្តប៉ៃលិន ។ ប្រភពព័ត៌មាន បានបន្តថា៖ កន្លងមកជនសង្ស័យខាងលើធ្លាប់លេចឮព័ត៌មានថាមានអ្នករត់ការ ក្នុងការដោះលែងម្តងទៅពីរដងរួចមកហើយ តែមិនបានសម្រេច ។
ពាក់ព័ន្ធការបង្កាប់ឲ្យដោះលែងជនសង្ស័យខាងលើ លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ បានឱ្យដឹងថា៖ គឺខាងលោកជាអ្នកដោះលែង ហើយសំណុំរឿងយ៉ាងណានោះ ចាំខាងលោកពិនិត្យមើលសិន ហើយក៏បិទទូរស័ព្ទភ្លាមៗ ផងដែរ។
ចំណែកប្រធានសាលាដំបូងខេត្តប៉ៃលិន លោកប្រធានសាលាដំបូងខេត្តប៉ៃលិនបានឱ្យដឹងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ថា៖ ខាងលោកបានជម្រះសេចក្តីរួចហើយ ដោយជនសង្ស័យ ឈ្មោះ ហ៊ាង សុភ័ក្រ្ត មិនជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនោះទេ ទើបត្រូវបានតុលាការ ដោះលែងឱ្យមានសេរីភាពឡើងវិញ ។ ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ កា ប៊ុនស ដែលនៅជាប់ពាក់ព័ន្ធនឹងករណីខាងលើ គឺកំពុងជាប់នៅក្នុងពន្ធនាគារខេត្តប៉ៃលិននៅឡើយទេ ។
សូមបញ្ជាក់ថា៖កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងអាវុធហត្ថក្នុងមន្ទីរយុត្តិធម៌ខេត្តប៉ៃលិន ចំនួន៤នាក់ ដឹកនាំដោយលោក វរសេនីយត្រី នង វណ្ណនី ប្រធានមន្ទីរយុត្តិធម៌ សហការ ជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួនចំនួន៤ដីកា ដោយក្នុងនោះមានលេខ ២៦៣, ២៦៤,២៦៥, និងលេខ២៦៦ ព.ស ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីការចាប់ ការឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ដែលចេញដោយលោក សេង គឹមឡាក់ អតីតព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន ។
ហេតុការណ៍ចុះឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅភូមិដំណាក់លួង សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនទាំង៤នាក់ ទី១- ឈ្មោះ កា ប៊ុនស ភេទប្រុស អាយុ៤៣ឆ្នាំ ទី២- ឈ្មោះ ហ៊ាង សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ ទី៣- ឈ្មោះ ជាម យុទ្ធិដា ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៤- ឈ្មោះ ហាស់ ញាណ ភេទប្រុស អាយុ៣៤ឆ្នាំ ក្រោយមកស្រាប់តែគេត្រូវរ៉ូវគ្នា ដោះលែងអស់ចំនួន២នាក់ ដោយប្រាប់ថា ជាប់ពាក់ព័ន្ធតែពីរនាក់ទេ ។ ក្រោយធ្វើការឃាត់ខ្លួនរួច វត្ថុតាងដែលរឹបអូសបាន មានប្រាក់បាតចំនួន១ម៉ឺនបាត (ប្រាក់ថៃ) ប្រាក់ខ្មែរចំនួន៤៤០០០០រៀល ខ្សែក. លោហពណ៌លឿងមានចំនួន២ខ្សែ ។ ខ្សែដៃមាសចំនួន២ខ្សែ ចិញ្ចៀនមាសចំនួន២វង់ នាឡិកាចំនួន២ខ្សែ ដោយ១ខ្សែធ្វើអំពីមាស និង១ខ្សែទៀត ធ្វើអំពីស្បែក ។ ទូរស័ព្ទដៃចំនួន៦គ្រឿង និងរថយន្ត១គ្រឿងម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U – 22 67 ។ តែរហូតដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់ ដែលទី១- ឈ្មោះ កា ប៊ុនស ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី២- ឈ្មោះ ហ៊ាង សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបានគេរត់ការ ដើម្បីដោះលែងឱ្យនៅក្រៅឃុំម្តងរួចទៅហើយ ខណៈតុលាការមិនទាន់កាត់ក្តីនៅឡើយ ។
សូមបញ្ជាក់ថា ជនរងគ្រោះករណីឈ្មោះ ណាត់ ថាក់ផុង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិថៃ ជាអាជីវករ រស់នៅខេត្តចាន់បូរី ប្រទេសថៃ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ បានចាប់ជំរិតពួកគេចំនួនបីនាក់ ទី១. រូបគេផ្ទាល់ ទី២. ប្រពន្ធគេ និងទី៣. មិត្តភក្តិរបស់គេម្នាក់ទៀត ដោយរឹបអូសយកមាស និងខ្សែដៃ ខ្សែក. សរុប១៧ដំឡឹង ហើយទូរស័ព្ទដៃចំនួន៨គ្រឿង ។ តែរហូតមកដល់ពេលនេះ មិនទាន់ដឹងថា តុលាការប្រគល់ជូនពួកគេវិញនៅឡើយនោះទេ ៕ ស សារ៉េត