ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ធ្វើដំណើរទៅមកលើកំណាត់ផ្លូវជាតិលេខ ៥៥ បានឲ្យដឹងថា គេឃើញកម្លាំងសមត្ថកិច្ចស្នាក់ការល្បាតរបស់កម្មវិធីអភិរក្សព្រៃឈើ ជួរភ្នំក្រវាញ ភាគកណ្ដាល ឃាត់រថយន្តធុនធំ១គ្រឿង ដែលគេដឹងថា រថយន្តនោះដឹកផលអនុផលព្រៃឈើពេញប្រៀប ប៉ុន្តែការឃាត់នេះ បានត្រឹមតែមួយចម្អិនកំពិសប៉ុណ្ណោះ ក៏ត្រូវបានឃើញគេដោះលែងមកវិញ ករណីនេះ ត្រូវបានគេសង្ស័យអាចមានអ្នកធំអន្តរាគមន៍ ឬអាចថ្នូរនឹងអ្វីម្យ៉ាងផ្សេងទៀតក៏ថាបាន។
ប្រភពខាងលើបន្តថា ប្រតិបត្តិការខាងលើ គេឃើញអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨ និង៥០យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចទឹកចេញ ស្នាក់ការល្បាតរបស់កម្មវិធីមន្រ្តីអភិរក្សព្រៃឈើ ជួរភ្នំក្រវាញភាគកណ្ដាល ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។
ប្រភពដដែលខាងលើបន្តទៀតថា រថយន្តធុនធំត្រូវបានកម្លាំងមន្រ្តីខាងលើធ្វើការឃាត់នោះម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ភ្លៅ០៤ ពាក់ស្លាកលេខ ញ.0457 ភ.ព.3 ដឹកផលអនុផលព្រៃឈើពេញរថយន្តគ្របតង់ជិត ប៉ុន្តែគេមិនដឹងថាមានអ្វីខ្លះនោះទេនៅខាងក្នុង ហើយគេឃើញចេញពីម្តុំចំណុចតាំងយ៉ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ក៍ត្រូវបានកម្លាំងខាងលើធ្វើការបង្រ្កាបដូចបានរាបរាប់ តែការឃាត់ចាប់នេះបានត្រឹមតែមួយចម្អិនកំពិសប៉ុណ្ណោះ ដោយគេឃើញរថយន្តដឹកផលអនុផលព្រៃឈើដដែលនេះ បើកចេញវិញ នៅពេលទាបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧យ៉ាងព្រហើន គេមិនដឹងថា ការដោះលែងរថយន្តនេះ ថ្នូរនឹងលាភសការៈ ឬមានអ្នកមានអំណាចអន្តរសគមន៍នោះឡើយ។
ប្រភពខាងរថយន្តត្រូវគេបង្ហើបថា រថយន្តដឹកឈើ(បង្គោលក្រាក់) ចេញពីចំណុចខាងលើ ឆ្ពោះទៅខេត្តបាត់ដំបង ហើយគាត់លើកឡើងថា ចំណាយលុយតាមផ្លូវ ក្នុងខេត្តពោធិ៍សាត់អស់មិនក្រោមចំនួន ៦០មឺុនរៀលនោះឡើយ។
ទោះយ៉ាងណាក្តី៖ ប្រភពលើកឡើងខាងលើ អ្នកសារព័ត៌មាន មិនអាចសុំការពន្យល់ពីមន្រ្តីអភិរក្សឬសមត្តកិច្ចពាក់ព័ន្ធតាមដងផ្លូវនោះបានទេ នារសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧៕ ប៉ឹម ពិន