ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពឆក់មិនបានសម្រេច ប៉ូលិសចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ត្រូវនារីរងគ្រោះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចដេញតាមចាប់បានវាយខ្នោះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃនៅត្រង់ចំណុចក្រោយមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង២នាក់ត្រូវបានស្គាល់ទី១ឈ្មោះ ខេន ឌីណា​ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកប្រដាល់ ស្នាក់នៅផ្លូវលំផ្ទះអត់លេខ ភូមិអូតអណ្ដោង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជនសង្ស័យទី២ ឈ្មោះ ឡា សុខឡេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅក្រោយផ្សារជែមជូររី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកម៉ូតូដែលពួកគេជិះធ្វើសកម្មភាពម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BP.7230​ ។

សមត្ថកិច្ចដែលចាប់បានជនសង្ស័យទាំង២នាក់បានឲ្យដឹងថា មុនពេលកើតហេតុ មានស្រី្ដ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ ជាចំណុចកើតហេតុ ក៏ធ្វើសកម្មភាពឆក់តែម្ដង ប៉ុន្ដែឆក់មិនបានសម្រេច ក៏ត្រូវនារីទាំងពីរនាក់ស្រែកថា “ចោរៗ” ក៏ត្រូវសមត្ថកិច្ចដែលកំពុងល្បាត ដេញតាមចាប់បានម្នាក់ និងម្នាក់រត់រួចបានបន្ដិចក៏ត្រូវសមត្ថកិច្ចចាប់បានម្នាក់ទៀត យកមកសាកសួរនៅអធិការនគរបាលខណ្ឌចំការមនទាំងពីរនាក់តែម្ដង។

ក្រោយពេលកើតហេតុ នារីរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ប៉ុន្ដែជនសង្ស័យទាំងពីរនាក់កំពុងសាកសួរ និងកសាងសំណុំរឿងនៅអធិការខណ្ឌដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖