ព័ត៌មានទាន់ហេតុការណ៍៖

តា ហ្វុយសូ ធ្លាក់ខ្លួនឈឺធ្ងន់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងជើងចាស់ ស៊ូ សាវ៉ាង ហៅតាហ៊្វុយសូ មានវ័យ៧៤ឆ្នាំ ដែលមានជំងឺថ្លើមនោះ បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។ ទោះស្ថិតក្នុងស្ថានភាពធ្ងន់ដែលក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតពិបាកនឹងជួយសង្គ្រោះក្តី ក៏ក្រុមគ្រួសារនៅតែមិនអស់ចិត្ត និងមានបំណងបញ្ជូនទៅសង្គ្រោះនៅប្រទេសជិតខាង ប៉ុន្តែគ្មានលទ្ធភាព ។

លោក ស៊ូ វណ្ណៈដែលជាកូនប្រុសលោកតា ហ្វុយ សូ បានបញ្ជាក់ថា ឪពុករបស់លោកទើ បតែចាប់ផ្តើមឈឺធ្ងន់ ដោយអាការចុកពោះ រហូតទ្រាំលែងបាន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ។ លោកបន្តថា ពីមុនធ្លាប់ដឹងថា ឪពុករបស់លោកមានជំងឺថ្លើមប្រភេទសេ (C) ប៉ុន្តែតាមរយៈការទទួលទានថ្នាំបុរាណខ្មែរធ្វើឲ្យឪពុកលោកធូរស្រាលហើយក៏ពិនិត្យមិនឃើញអ្វី ទើបតែឈឺធ្ងន់នេះទេ ដែលយកឪពុកមកពិនិត្យទើបក្រុមគ្រួពេទ្យបញ្ជាក់ថា មានជំងឺមហារីកថ្លើម រហូតមានឈាមហូរចេញពីថ្លើមផងដែរ ។ លោកបញ្ជាក់ដែរថា ក្រុមវេជ្ជបណ្ឌិតបញ្ជាក់ថា មិនមានសង្ឃឹមថា នឹងអាចព្យាបាល ឬសង្គ្រោះបាននោះទេ ប៉ុន្តែលោក និងក្រុមគ្រួសារនៅតែមិនអស់ចិត្ត ព្រោះតែឪពុកលោកនៅអាចនិយាយបាន មិនវង្វេង គ្រាន់តែថមថយកម្លាំងជាងមុនបន្តិចតែប៉ុណ្ណោះ ។ លោកលើកឡើងថា ចង់បញ្ជូនឪពុករបស់ខ្លួនចេញទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យនៃប្រទេសថៃ ប៉ុន្តែក្រុមគ្រួសារមិនធ្លាប់បានដឹង និងស្គាល់ ហើយក៏គ្មានលទ្ធភាពក្នុងការបញ្ជូនទៅសង្គ្រោះបន្តនៅប្រទេសជិតខាងដែរ ។

អ្វីដែលកាន់តែមានការព្រួយបារម្ភ គឺនៅមានក្មេងកំព្រាប្រមាណ១៦នាក់ផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកតាហ្វុយសូ ក្នុងអង្គការ N.A.C.A ។ ក្រុមគ្រួសាររបស់លោកតា ហ្វុយសូ ក៏ស្នើឲ្យមហាជនដែលបានដឹងអំពីវិធីសាស្ត្រ នៃការព្យាបាលជំងឺនេះ មេត្តាជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទ 016622200 និងលេខ011622211៕ វឌ្ឍនា


ចែករំលែក៖