ភ្នំពេញ៖ ពិធីការិនីលេចធ្លោរកញ្ញា ដួង ហ្សូរីដា បានទម្លាយអារម្មណ៍មិនពេញចិត្តនឹងទង្វើតារាសម្តែង និងបង្ហាញម៉ូដខ្លះ ដែលនាងបានជ្រោមជ្រែងឲ្យមានឈ្មោះល្បីហើយ ប៉ុន្តែបែរជាភ្លេចកំណើតដើម ។ ការប្រតិកម្មនេះ បានធ្វើឡើងក្រោយពីលេចចេញដំណឹងថា ក្រុមបង្ហាញម៉ូដ Cambodia Super Model របស់នាងបានស្ងប់ស្ងាត់ពិបាកវាយលុកទីផ្សារ អាចប្រឈមនឹងការបែកបាក់គ្នាខ្លាំងនោះ ។
កញ្ញា ដួង ហ្សូរីដា ដែលជាប្រធានក្រុម Cambodia Super Model បានបញ្ជាក់ថា ក្រុមបង្ហាញម៉ូដរបស់នាង មិនបានបែកបាក់គ្នាខ្លាំង ឬបញ្ឈប់លែងដំណើរការនោះទេ ប៉ុន្តែនាងទទួលស្គាល់ថា ការចេញសកម្មភាពបង្ហាញម៉ូដ មិនដូចគ្រាមុននោះទេ ព្រោះតែទំនោរនៃការជួលរបស់អតិថិជនមានការផ្លាស់ប្តូរ ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់នាង ក៏បានឆ្លៀតបង្ហោះផ្ញើសារទៅកាន់តារាមួយចំនួនដែលភ្លេចធាតុដើម ដើរចេញពីក្រុម គ្រាដែលក្រុមមួយនេះ ធ្លាប់ធ្វើឲ្យគេលេចមុខមាត់ខ្លាំង ។ នាងលើកឡើងថា កាលមិនទាន់ល្បី មកសុំជ្រកក្រោមដំបូលក្រុម ដំបូលក្រុមហ៊ុន មិនសូវខ្វល់ពីតំលៃឈ្នួលការងារទេ ធ្វើម៉េចអោយតែបានចេញមុខក្នុងក្រុមជាមួយបងៗតារាបង្ហាញម៉ូដល្បី នៃCambodia Super Models ដល់តែពេលក្រុមហ៊ុនប្រូម៉ូតអោយឡើងល្បី បញ្ជូនឈ្មោះអោយធ្វើMC (ពិធីករ) តាមប៉ុស្តិ៍ បញ្ជូនឈ្មោះឲ្យខាងខ្សែភាពយន្ត ដល់ពេលគេល្បី មានអ្នកខ្លះក៏នៅរក្សា ធាតុដើម តែអ្នកខ្លះក៏ដុះស្លាបហើរទៅបាត់ ដោយភ្លេចកំណើត..! ។
តារាស្រីរូបនេះបន្តថា ”មានអ្នកខ្លះភ្លេចគិតថា ពេលមិនទាន់ល្បី រកតែលុយជិះម៉ូតូឌុបមកបើកលុយមិនបានផង ម្តាយឈឺផង សុំអោយបងហ្សូ (ដួង ហ្សូរីដា) ជួយរកការងារអោយធ្វើ អោយតែបានលុយអោយម៉ែបង់ថ្លៃពេទ្យ តែដល់ឥឡូវឡើងកូដ បែរជាបំភ្លេចក្រុម ហើយព្យាយាមអោយខ្លួនឯងលេចធ្លោតែម្នាក់ឯង ដោយការគ្រប់គ្រងរបស់ក្រុមផ្សេង ។ នាងបានសួរថា កាលដែលលោកអ្នកមិនទាន់ល្បី មានអ្នកទាំងអស់ហ្នឹង គេនឹកឃើញលោកអ្នកអត់? នាងឌឺដងឲ្យវិញថា កុំប្តូរចារឹកលឿនពេកណា ប្រយត្ន័ធ្លាក់ក្តុកមកវិញទៅ..! ។
ទោះជាយ៉ាងណា នាងមិនបានទម្លាយមុខមាត់ និងឈ្មោះតារាបង្ហាញម៉ូដ ដែលនាងលើកឡើងខាងលើនេះនោះទេ ។ ប៉ុន្តែ Cambodia Super Model ដែលកន្លងមក ត្រូវបានគេដឹងថា ជាក្រុមដែលខ្លាំងលេចធ្លោនោះ បានធ្លាក់ចុះទីផ្សារខ្លាំង ក្រោយពីសមាជិកក្រុមដែលមានវ័យកាន់តែច្រើន ចាប់ផ្តើមឈប់ធ្វើ និងមានសិល្បករខ្លះចេញទៅបើកដំណើរការក្រុមការងារថ្មីដោយខ្លួនឯង ។ ទោះជាយ៉ាងណា ក្រុមបង្ហាញម៉ូដចាស់ដែលមានដូចជាអ្នកនាង លី ម៉ារីណា អ្នកនាងសារ៉ាយ សក្កណា លោកយ៉ែម សំអូន លោកអេឡិច ចិន្ត្រា ជាដើម បានចែកជើងគ្នាអស់ ដែលអ្នកខ្លះឈប់ពីសិល្បៈចេញទៅរស់នៅបរទេស និងខ្លះបង្កើតក្រុមថ្មីផ្ទាល់ខ្លួន ។ អ្វីដែលធ្វើឲ្យគេកត់សម្គាល់នោះ គឺមានសមាជិកខ្លះបានលាលែងដោយខ្លួនឯង រហូតលេចចេញការមើលមុខគ្នាលែងត្រូវ រហូតកើតចេញជាការឌឺដងផ្លែផ្កាជាពាក្យសម្តីផងដែរ ៕ វឌ្ឍនា