ប៉ោយប៉ែត៖ ត្រឹមតែកន្លះយប់សោះ ពលករប្រុសស្រីរួមទាំងកុមារតូចៗរាប់រយនាក់ឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ ហើយពួកគាត់ទាំងនោះ មិនទាន់ទាំងបានធ្វើការនៅក្នុងទឹកដីថៃផង ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅយប់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ ហើយដឹកយកមកទុកនៅចំណុចផ្សារមង្គល ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រុមពលករទាំងនេះបានឲ្យដឹងថា ពួកគាត់ត្រូវបានលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងតូចៗនៅតាមបន្ទាត់ព្រំដែន ដែលភាគច្រើន ឆ្លងតាមច្រករបៀង នៅក្នុងខេត្តបន្ទាយមានជ័យ និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមេខ្យល់យកក្នុងម្នាក់តំលៃចាប់ពី២៥០០បាត ទៅ៣០០០បាត ដោយមិនទាន់បានធ្វើការបានលុយផង ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញអស់ ។
អ្នកស្រី ស៊ិន ណាំយ៉ុង ប្រធានគណៈកម្មាធិការចាំទទួលពលករនៅចំណុចផ្សារមង្គល បានឲ្យដឹងថា ពលករដែលដឹកមកក្នុងយប់ថ្ងៃទី២៦ ខែមេសា គឺមានចំនួន១១រថយន្ត ដែលមានពលករសរុបចំនួន ៦០០នាក់ហើយ អាជ្ញាធរថៃ នឹងបញ្ជូនពលករមកជាបណ្តើរទៀត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ។
បើតាមការធ្វើសម្ភាស និងសួរនាំ ក្រុមពលករភាគច្រើន ត្រូវបានតម្រួតថៃរឹតបណ្តឹងដាក់ប៉ុស្តិ៍ចល័តចាប់តាមផ្លូវ និងខ្លះទៀត ទើបតែទៅដល់កន្លែងតែប៉ុន្មានថ្ងៃ និងមិនទាន់បានផង ត្រូវតម្រួតថៃចុះឆែកឆេរ និងចាប់បញ្ជូនមកតែម្តង ។ ពលករប្រុស ស្រីទាំងនោះបានឲ្យដឹងទៀតថា ពួកគាត់ទើបតែលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃនេះ ក្រោយចូលឆ្នាំប្រពៃណីខ្មែរប៉ុន្មានថ្ងៃនេះទេ ហើយការឆ្លងកាត់តាមច្រករបៀងតូចៗ គឺលួចឆ្លងនៅពេលយប់ ហើយចំពោះអ្នកសារព័ត៌មានសួររកឈ្មោះមេខ្យល់ និងឈ្មោះច្រករបៀងនោះ ពួកគាត់ហាក់ដូចជាលាក់លៀម មិនព្រមឆ្លើយទេ ។
បន្ទាប់ពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ទទួលដំណឹងពីអាជ្ញាធរថៃថានឹងបញ្ជូនពលករមកទាំងយប់ ភ្លាមនោះ លោកក៏បានដឹកនាំកម្លាំងអាជ្ញាធរភូមិ សង្កាត់ ក្រុង សហការជាមួយសមត្ថកិច្ចចំរុះ រង់ចាំទទួលពលករ និងរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ជនខិលខូចឆ្លៀតឱកាស ។
អាជ្ញាធរក្រុងប៉ោយប៉ែតបានឲ្យដឹងទៀតថា បើតាមអាជ្ញាធរថៃផ្តល់ដំណឹងមកនោះ ពលករខ្មែរដែលថៃចាប់បញ្ជូនមក មានចំនួនសរុបជាង១ពាន់់ ដែលពួកគាត់នឹងត្រូវដឹកបញ្ជូនទាំងយប់ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ៕ វណ្ណា