ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអតីតនាយករដ្ឋមន្ត្រី New Zealand

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក John Key អតីតនាយករដ្ឋមន្ត្រី ប្រទេសប្រទេសញ៉ូវហ្សៀឡែន (New Zealand)។

លោក John Key អញ្ជើញមកកម្ពុជានៅពេលនេះ ក្នុងនាមជាពលរដ្ឋសាមញ្ញ ហើយការពិភាក្សាគ្នានេះ ក្នុងលក្ខណៈមិត្តភាពជិតស្និទបំផុត។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកអតីនាយក រដ្ឋមន្រ្តី ក៏បានពិភាក្សាគ្នាផងដែរអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ញ៉ូវហ្សៀឡែន និងក្នុងក្របខណ្ឌ តំបន់អាស៊ាន ក៏ដូចជាអាស៊ាន និងញ៉ូវហ្សេឡែន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាស៊ានផងដែរ។ ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន និងលោក John Key ក៏បានផ្លាស់ប្តូរមតិគ្នា លើបញ្ហាតំបន់ និងពិភពលោកដែលផ្តោតលើកត្តាសន្តិសុខ និងទំនាក់ទំនងពាណិជ្ជកម្មជាដើម។

លោក John Key បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេលតែ៥ឆ្នាំ បើធៀបនឹងដំណើរទស្សនៈកិច្ចរបស់លោក John Key ដែលធ្លាប់បានមកកាន់កម្ពុជាកាលពីឆ្នាំ២០១២។ ក្នុងដំណើរទស្សនៈកិច្ចលើកនេះគឺ លោក John Key មកពិនិត្យគម្រោងមួយចំនួនដែលគាំទ្រដោយ បណ្ឌិត ហារុ ហ៊ីសាហាន់ដា ដែលជាសប្បុរសជនរបស់ជប៉ុន ដែលបានគាំទ្រដល់វិស័យសុខាភិបាល និងអប់រំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី អរគុណលោក John Key ដែលបានឃើញពីការរីកចម្រើនរបស់កម្ពុជា។ កម្ពុជាត្រូវការធន ធានមនុស្សច្រើនណាស់ដើម្បីកសាងប្រទេស។ សម្តេចតេជោ បានកំណត់យកការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពចម្បងសំខាន់បំផុតរបស់កម្ពុជា។ កន្លងមកនេះ សម្តេចតេជោ ក៏បាន ទទួលអាហារូបករណ៍មួយចំនួនដែលគាំទ្រដោយ បណ្ឌិត ហារុ ហ៊ីសាហាន់ដា ផងដែរដើម្បីផ្តល់ជូន និស្សិតក្រីក្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអរគុណរដ្ឋាភិបាលញ៉ូវហ្សៀឡែនដែលបានផ្តល់អាហារូបករណ៍ដល់និស្សិត​កម្ពុជាទៅសិក្សានៅប្រទេសញ៉ូវហ្សេឡែនដើម្បីយក​ចំណេះដឹង និងបទ ពិសោធន៌មកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។ ជាទូទៅគឺក្នុងមួយឆ្នាំ New Zealand ផ្តល់ជូនកម្ពុជា៣៥កន្លែង មានថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ជាដើម៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖