ភ្នំពេញ៖ កម្មការីនីរោងចក្រម្នាក់ ក្រោយពីដើរចេញពីកន្លែងធ្វើការ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបានបើកវ៉ារថយន្ត មួយគ្រឿងទៀត ក៏ជ្រុលទៅបុកជនរងគ្រោះពីក្រោយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅត្រង់ចំណុចចំន្លះពីស្ពានលេខ១០ មុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
សពស្ត្រីរងគ្រោះមានឈ្មោះ ងួន ស៊ីថា អាយុ ៥២ឆ្នាំ មានមុខរបរ កម្មការីនីរោងចក្រទឹកក្រូច និងមានកូនស្រីចំនួន ៣នាក់ មានប្តីឈ្មោះ គិន សារ៉ូម ហៅទូច អាយុ ៥៣ឆ្នាំ មានមុខរបរ យាមរោងចក្រទឹកក្រូចជាមួយគ្នា បច្ចុប្បន្នអ្នកទាំងអស់គ្នាមានទីលំនៅកន្លែងកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការរោងចក្រ គោលបំណងដើរទៅទិញម្ហូបដើម្បីហូបបាយជាមួយប្តី ខណៈទិញម្ហូបរួចបានដើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះដើរមកដល់ចំណុចខាងលើ ក៏បានឃើញរថយន្តតាក់ស៊ីចំនួន ២គ្រឿងមិនចាំម៉ាក បានបើកបរតាមផ្លូវជាតិលេខ៦ ចេញពីភ្នំពេញទៅខេត្ត ក្នុងទិសដៅពីត្បូងទៅជើងស្របគ្នាជាមួយជនរងគ្រោះ ដែលកំពុងតែដើរ ដោយបានបើកជែងគ្នាក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏រេចង្កូតទៅបុកជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹងដួលបោកទៅនឹងថ្នល់កៅស៊ូ រួចហើយថែមបើកកិនពីលើជនរងគ្រោះបណ្តោយឲ្យបាក់ជើងខាងស្តាំម្ខាង និងកិនក្បាលបែកធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយពីកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនបាត់សម្រាល ដោយបន្សល់ទុកតែសពជនរងគ្រោះនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។
បន្ទាប់មកក្រុមគ្រួសារសព និងបងប្អូនប្រពលរដ្ឋបាននាំគ្នាជួយលើកសាកសពជនរងគ្រោះយកទៅគេហដ្ឋាន ដែលនៅក្បែរកន្លែងកើតហេតុខាងលើ ដើម្បីឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ