ខេត្តកណ្ដាល៖ ស្ត្រីជាជនជាតិវៀត ណាមម្នាក់បានចាប់កូនគេយកទៅលក់ ក្នុងតម្លៃ៤០០ដុល្លារ ដោយប្រាប់អ្នកទិញ ថា ជាកូនរបស់ខ្លួន ក្រោយពីបានរត់គេច ខ្លួនបាន១យប់ ត្រូវនគរបាលស្រាវជ្រាវ ឃាត់ខ្លួន និងទៅរំដោះកុមាររងគ្រោះមក វិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំពោធិ៍ បាន ស្រុកកោះធំ ខេត្តកណ្តាល។
នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យខាងលើនេះឈ្មោះ ង្វៀង ធីហឿង អាយុ៣០ឆ្នាំ មុខរបរលក់ខោ អាវចាស់ៗ រស់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ(២)ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពបន្តថា ចំណែកកុមាររងគ្រោះឈ្មោះ គង់ វ៉ាន់ដា ហៅឌាំង ភេទស្រី អាយុ៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកអ្នកទិញក្មេងឈ្មោះផាម ធីង៉ោ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
នគរបាលបានបន្តទៀតថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានដើរសុំខោអាវគេនៅចំណុចកើតហេតុខាងលើបានប្រទះឃើញក្មេងរងគ្រោះ កំពុងរត់លេងតាមផ្លូវ។ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពចាប់ក្មេងរងគ្រោះយកមកលក់ឲ្យឈ្មោះផាម ធីង៉ោ ក្នុងតម្លៃ៤០០ដុល្លារ ដោយប្រាប់ថាក្មេងនេះជារបស់កូនខ្លួន។
ក្រោយពីទទួលបានលុយរួចរាល់ហើយនោះជនសង្ស័យបានត្រឡប់ទៅភ្នំពេញវិញ។ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ទើបនគរបាលប៉ុស្តិ៍ស្វាយប៉ាក ធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យនិងបានឃាត់ខ្លួនភ្លាមៗ រួចនាំខ្លួនជនសង្ស័យទៅសហការជាមួយកម្លាំងជំនាញប៉ុស្តិ៍ពោធិ៍បាន និងកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកកោះធំទៅរំដោះក្មេងរងគ្រោះមកវិញផងដែររួចនាំយកទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ហេង សូរិយា