ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តី២នាក់បងប្អូនបង្កើតជ្រកភ្លៀងនៅក្នុងខ្ទមចំការក្រោមដើមឈើពេលមេឃភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបងៈ មានភាពភ្ញាក់ផ្អើលមួយកើតឡើងស្រ្តី២នាក់ ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងស្រុកសំឡូត ខណៈដែលជនរងគ្រោះ រត់ទៅជ្រកភ្លៀងក្រោមខ្ទមដែលមានខ្យល់កន្រ្តាក់ភ្លៀងធ្លាក់លាយឡំនឹងផ្គរន្ទះ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល នៅចំណុចក្រុមីទី៤ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះទាំង២នាក់ មានឈ្មោះ១, សៀន ឆេន អាយុ24ឆ្នាំ រងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ និង២, សៀន ឆើត ភេទ ស្រី អាយុ26ឆ្នាំ ស្លាប់ ជនរងគ្រោះត្រូវជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះទាំង២នាក់ បាននាំគ្នាទៅធ្វើចំការនៅខាងក្រោយផ្ទះរបស់ខ្លួន ក្រោយមកស្រាប់តែមានខ្យល់កន្រ្តាក់លាយឡំជាមួយផ្គរន្ទះបក់បោកប៉ះស្រុកសំឡូត នៅពេលនោះក៏មានរន្ទះបាញ់កើតឡើងតែម្តង ។

ក្រោយពេលមេឃភ្លៀងប្រជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះមិនបានចាប់អាម្មណ៍ថា មានរន្ទះបាញ់ត្រូវជនរងគ្រោះនោះទេ លុះបន្ទាប់មកសាច់ញាតិដើរមករកជនរងគ្រោះទើបឃើញស្រ្តីទាំង២នាក់បានដេកដួលនៅក្នុងខ្ទមចំការ។

សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យបានបញ្ជាក់ថា ករណីនេះ គឺរន្ទះបានបាញ់នៅពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងនៅក្នុងចំការខាងក្រោយផ្ទះ ដោយបច្ចុប្បន្នសពត្រូវបានកំលាំងប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមរំលឹកថា ករណីរន្ទះបាញ់នៅខេត្តបាត់ដំបង នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានកើតឡើងករណីរន្ទះបាញ់២លើក បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស គឺកើតហេតុនៅស្រុកមោងប្ញស្សី បុរសម្នាក់ស្លាប់ និងចុងក្រោយនេះ២នាក់ស្លាប់ និងរងរបួសនៅស្រុកសំឡូត ៕ សំវិច្ឆិកា


ចែករំលែក៖