ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលសេដ្ឋកិច្ចខេត្តឃាត់រថយន្តដឹកជ្រូកក្រហមជាង៥០ក្បាលគ្មានលិខិតអនុញ្ញាតបញ្ជូនមកស្នងការ

ចែករំលែក៖

ខេត្តកំពង់ធំៈ រថយន្តហ៊ីយ៉ានដាយ ដឹកជ្រូកក្រហមជាង៥០ក្បាល ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចនៃស្នងការនគរបាល ខេត្តកំពង់ធំ ដឹកនាំដោយលោក មុត ម៉ីបញ្ញាវុធ នាយរងការិយាល័យ និងលោក តាន់ ឆេង នឿន អធិការង ​បានចាប់ឃាត់រថយន្តមួយគ្រឿង ជារថយន្តកូរ៉េ ២តោន កន្លះ ពណ៌ ស គ្មានស្លាកលេខ បានដឹកជញ្ជូនសត្វជ្រូកក្រហម ចេញពីប្រទេសវៀតណាម ដោយពុំមានលិខិតអនុញាត តែតៃកុងរថយន្ត សំអាង ទៅលើ រថយន្តរបស់ខ្លួន ពាក់ស្លាកម្ខាង អគ្គស្នងការនគរបាលជាតិ ម្ខាងទៀតដាក់ស្លាកកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅលើកាប៊ិនរថយន្ត។

បើយោងតាមកំណត់ហេតុ រថយន្តនេះ ពាក់ស្លាកលេខ ភ្នំពេញ 3D-4797 តែត្រូវបានដោះទុក ហើយធ្វើសកម្មភាពដឹកជ្រូកក្រហម ដោយគ្មានច្បាប់អនុញាត ត្រូវបានសមត្ថកិច្ចឃាត់នៅចំណុចភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៧ ព្រមទាំងមនុស្ស៣នាក់ តៃកុងឡាន ១ និងកម្មករ២នាក់ បើកបរដោយឈ្មោះ ឆុំ រ៉ា និងកម្មសិទ្ធិរបស់ថៅកែជ្រូកឈ្មោះ ណុប សំអោក រស់នៅប៉ោយប៉ែត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីលោក ឆុំ រ៉ា តៃកុងឡានប្រចាំក្រុមហ៊ុន លោក ណុប សំអោក បានឲ្យដឹងថា លោកត្រូវបានថៅកែ ប្រើឲ្យមកសាងសត្វជ្រូកក្រហម ចេញពីឡានធំ នៅផ្លូវវាងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទាំងកណ្តាលអធ្រាត្រ ហើយបានដឹកសត្វជ្រូកក្រហមទាំងអស់ទៅដាក់តាមម៉ូយនៅស្រុកជីក្រែង សៀមរាប ស្រុកពួក និងបន្ទាយមានជ័យ រីឯលិខិតច្បាប់អនុញាត លោកមិនដឹងអ្វីទេ ពីព្រោះលោកគ្រាន់តែអ្នកបើកបរ និងពុំមានច្បាប់អ្វីបន្តិចសោះឡើយជាប់នឹងខ្លួន នៅពេលដែលមានបញ្ហា គឺថៅកែជាអ្នកចេញមុខដោះស្រាយ ។

ប្រជាពលរដ្ឋជាច្រើន ដែលជាក្រុមអជីវករកាប់ជ្រូកលក់ បានបញ្ជេញភាពក្តៅក្រហាយ យ៉ាងខ្លាំង ដោយសារតែពួកគាត់លក់សាច់ជ្រូកមិនដាច់ និងបានសំណូមពរ ឲ្យសមមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ធំ ចាត់វិធានការដាច់ខាត កុំឲ្យនាំជ្រូកក្រហមមកពីវៀតណាម និងពីថៃ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ដល់ការប្រកបមុខរបរចិញ្ចឹមជីវិត របស់ក្រុមអាជីវករលក់សាច់ជ្រូក។

ក្រោយពីសមត្ថកិច្ច នគរបាលសេដ្ឋកិច្ច នៃស្នងការនគបាលខេត្តកំពង់ធំ ឃាត់រថយន្តដឹកសត្វជ្រូក ដោយគ្មានលិខិតអនុញាត យកមករក្សាទុកនៅស្នងការនគរបាលខេត្តកំពង់ធំ ហើយបានធ្វើកំណត់ហេតុ ប្រគល់ជូនការិយាយ​ល័យជំនាញពេទ្យសត្វតាមនីតិវិធីច្បាប់ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖