ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេក ជ្រុលទៅបុកទ្រូងផ្លូវស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខនឹងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលដែរជនរងគ្រោះជិះម៉ូតូម្នាក់ឯងយ៉ាងលឿនទៅបុកនឹងទ្រូងផ្លូវពេញទំហឹង រួចដួលបោកក្បាលនឹងថ្នល់ស្លាប់ កាលពីវេលាម៉ោង៣រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ។

បុរសរងគ្រោះឈ្មោះវ័យ និត ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មកររោងចក្រស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យឋ និងមានស្រុកកំណើតនៅឃុំព្រៃអង្គុញ ស្រុកពាមរក៌ ខេត្តព្រៃវែង ដោយជិះម៉ូតូ ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GG. 6738 ។

យោងតាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺបុរសរងគ្រោះរូបនោះបានជិះម៉ូតូម្នាក់ឯង មកពីផ្លូវព្រះមុនីរ៉េត ឆ្ពុះមកផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុ ស្ថានភាពផ្លូវកោងផងនោះ ធ្វើឲ្យជនរងគ្រោះជ្រុលចង្កូតទៅបុកនិងទ្រូងផ្លូវតែម្ដង បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែក ឯម៉ូតូបានដួលអូសចេញពីជនរងគ្រោះជិត២០ម៉ែត្រ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារចាត់ចែងដឹកសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យវាស់វែងយកទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារត្រឹមត្រូវនឹងប្រគល់ឲ្យវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖